កំពង់ឆ្នាំងៈអគ្គរាជទូតអូស្ត្រាលី ឯកឧត្តម ផាប្លូ កាង និងឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធាន កម្មវិធីជាតិសុខភាពភ្នែក នៅរសៀលថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២១ បានចុះសួរ សុខទុក្ខ ដោយបាននាំយកនូវសម្ភារៈ ជួយឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ការពារនិងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដើម្បីចែកជូនគ្រប់មន្ទីរពេទ្យបង្អែកនិងមណ្ឌល សុខភាពក្នុងខេត្តកំពង់ឆ្នាំង។
សម្ភារៈទាំងអស់នេះបានរៀបចំ ឡើងដោយកម្មវិធីជាតិសុខភាពភ្នែកក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូល និធិ ហ្វេតហ្វូឡូ រួមមាន ម៉ាសចំនួន៤៦,១០០
ម៉ាស អាកុលចំនួន ១៥៦០ លីត្រ ឧបករណ៍វាស់កំដៅចំនួន ៥៤គ្រឿង សាប៊ូលាងដៃចំនួន ៥០៥ដប ស្រោមដៃចំនួន ១៥,៧០០ របាំងមុខចំនួន ៤០២សន្លឹក។ ក្រៅពីនេះកម្មវិធីជាតិសុខភាពភ្នែក តាមរយៈជំនួយអូស្ត្រាលីនេះដែរក៏បានរៀបចំសម្ភារៈបន្ថែមជូនដល់មន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្តផងដែរ។
នៅក្នុងពិធីនេះឯកឧត្តមអគ្គរាជទូតផាប្លូ កាង បានលើកឡើងថារដ្ឋាភិបាលកម្ពុជាបានការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរហើយយើងត្រូវតែខិតខំបន្តការប្រុងប្រយ័ត្ននេះតទៅទៀត ។ក្នុងនាមជាប្រទេសជិតខាងនិងជាមិត្តជិតស្និតប្រទេសអូស្ត្រាលីបន្តការយកចិត្តទុកដាក់ជួយគាំទ្រដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ និងកំពុងខិតខំប្រឹងប្រែងជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួមមានតាមរយៈ មានថវិកាជំនួយឥត សំណងចំនួន ៥០០ លានដុល្លារអូស្ត្រាលី ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិ ងអាស៊ីអាគ្នេយ៍ ។ នឹងគម្រោងមួយទៀតមានថវិកាចំនួន ៨០ លានដុល្លារអូស្ត្រាលីសម្រាប់កម្មវិធី ប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងនោះមានកម្ពុជាផងដែរ ។
ឯកឧត្តមសាស្ត្រាចារ្យ លី ម៉េងប្រធានកម្មវិធីជាតិសុខភាពភ្នែកនិងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានថ្លែងថា សម្ភារៈទាំងនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់រាជរដ្ឋាភិ បាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ នៅកម្ពុជា។ ជាពិសេសជួយសម្រួលដល់គ្រូពេទ្យក្នុងការផ្ដល់សេវាសុខភាពភ្នែកជូនដល់ប្រជាពលរដ្ឋ ដោយមានទំនុកចិត្ត ។ ឯកឧត្តមស៊ក៉បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលមាន បញ្ហាគំហើញរួសរាន់មកទទួលសេវាពិនិត្យ និងព្យាបាលភ្នែកនៅមណ្ឌលសុខភាពឬនៅមន្ទីរពេទ្យដែលនៅជិដ១៩ឱ្យបានទៀងទាត់ ។
ឯកឧត្តម វេជ្ជបណ្ឌិតប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាកន្លង មកមន្ទីរពេទ្យនិងមណ្ឌល
សុខភាព នៅទូទាំងខេត្តកំពង់ឆ្នាំងបានផ្ដល់សេវា ពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងឆ្នាំ ២០២០ ទោះបីពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ។
ឯកឧត្តម អម សុភា អភិបាល រងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតអូស្ត្រាលីនឹង ឯកឧត្តម ប្រធានកម្មវិធីជាតិសុខភាពភ្នែក ដែលបានយកចិត្តទុកដាក់ ពាំនាំនូវជំនួយដ៏មានសារៈសំខាន់នៅថ្ងៃនេះជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដើម្បីអោយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានប្រើប្រាស់ក្នុងការទប់ស្កាត់និងការពារការរីករាលដាលជំងឺកូវីដ១៩ឲ្យបានល្អប្រសើរ។
ឯកឧត្តម អម សុភា ក៏បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់មន្ត្រីសុខាភិបាលនិងមន្ត្រីនៃមន្ទីរពេទ្យនិងមណ្ឌលសុខភាពខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនិងការពារព្យាបាលជម្ងឺបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក ដោយមិនឲ្យមានអ្នកជំងឺម្នាក់ណាស្លាប់ឡើយ ៕