សហគមន៍កសិកម្មបណ្តុំកសិករខេត្តបន្ទាយមានជ័យទទួលបានឧបករណ៍ព្រោះស្រូវចំនួន៥០ឈុត អំណោយរបស់សម្តេចតេជោ ហ៊ុន សែន​​


សហគមន៍កសិកម្មបណ្តុំកសិករនៅខេត្ត បន្ទាយមានជ័យ ទទួលបានឧបករណ៍សម្រាប់ព្រោះស្រូវចំនួន ៥០ឈុត ដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជួយជំរុញការដាំដុះស្រូវបានលឿន តាមបច្ចេកទេសថ្មីស្របនិងទៅនឹង​ការរីក ចម្រើនរបស់ប្រទេសជាតិនោះ។

​ថ្លែងនៅក្នុងពិធីប្រគល់ឧបករណ៍ព្រោះស្រូវ ​ដល់បណ្តាសហគមន៍កសិកម្មបណ្តុំកសិករ និងស្ថាប័នឯកជន ចំនួន៥០ឈុត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ​​ដែលបាន ធ្វើឡើងនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃ១៥រោច ខែបុស្ស ឆ្នាំជូត​ ទោ ស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ​បានមានប្រសាសន៍​ថា ក្នុងនាម​​ឱ្យអាជ្ញាធរខេត្ត និងប្រជាកសិករក្នុងខេត្ត បន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅជូន​ចំពោះសម្តេចតេជោ ហ៊ុន សែន ​ដែល​បាន​​ផ្តល់អំណោយដ៏ថ្លៃថ្លា ជា​គ្រឿង​ឧបករណ៍​សម្រាប់​បម្រើ​​​វិស័យកសិកម្ម ការដាំដុះដំណាំស្រូវ ដែលជាផ្នែកមួយជួយជំរុញឱ្យកសិករ មានលទ្ធភាពប្រើប្រាស់ឧបករណ៍សម្រាប់ បង្កបង្កើនផលស្រូវកាន់តែទំនើបនោះ។

​​​អភិបាលខេត្តបន្ទាយមានជ័យ បាន​បន្តទៀតថា ​អំណោយ​ដ៏​មានតម្លៃ​នេះ វា​នឹង​ចូលរួម ចំណែក​ក្នុង​ការលើក​កម្ពស់​ប្រសិទ្ធភាព​ការងារ ចំណេញ​ពេល និង​ពលកម្ម ជាពិសេស​ចូលរួម លើក​កម្ពស់ ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ដើម្បី​បង្កើន​សមត្ថភាព​ផលិត ធានា​ទាំង​បរិមាណ​ផ្គត់ផ្គង់ និង​គុណភាព ស្របតាម​ប្រសាសន៍របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ក្រសួងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុងតែ​ជំរុញ​យ៉ាងសកម្ម​ចលនា​បង្កបង្កើនផល ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​សម្រាប់​គ្រួសារ និង​សម្រាប់​សង្គម​។

ជាមួយនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរម្លឹកដល់បណ្តាសហគមន៍កសិកម្មបណ្តុំ​កសិករ ដែលទទួលបាននូវឧបករណ៍សម្រាប់ព្រោះស្រូវនេះ ត្រូវតែបង្កើនការដាំដុះដំណាំ ស្រូវឱ្យអស់លទ្ធភាព ហើយត្រូវរួមគ្នាថែរក្សាឧបករណ៍ព្រោះស្រូវនេះ ឱ្យបាននៅគង់វង្ស ដើម្បីប្រើ​ប្រាស់បានយូរអង្វែង៕