កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) និង ណែនាំស្តីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២.២០២៤)របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនាព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារកសាងផែនការខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១ -២០២៣)ខេត្ត និងណែនាំស្តីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២ -២០២៤)របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ផាន់ ច័ន្ទដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង
ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារកសាងផែនការ និង អភិវឌ្ឍន៍ខេត្ត និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ដ្រយ៍នៃក្រុមការងារកសាងផែនការ និងអភិវឌ្ឍន៍ខេត្ត លោកនាយកទីចាត់ការផែនការនិងវិនិ
យោគសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជាសមាជិកនៃក្រុមការងារកសាងផែនការ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្ដ្រីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់។

ឯកឧត្តម ស្រ៊ន សំឬទ្ធី បានមានប្រសាសន៍ថាៈកិច្ចប្រជុំ មានគោលបំណងដើម្បីជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្ថាប័នជាតិ អង្គការមិនមែនរដ្ឋាភិបាល សប្បុរស
ជនទាំងអស់ ដើម្បីផ្ដោតយកចិត្តទុកដាក់ជាមូលដ្ឋានបង្អែក សម្រាប់អនុវត្តគម្រោងសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របទៅតាមផែនការអភិវឌ្ឍរយៈ
ពេលប្រាំឆ្នាំ (២០២០-២០២៤) របស់រដ្ឋបាលខេត្ត ផែនការយុទ្ធសាស្ត្រជាតិ(២០១៩-២០២៣) និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថាៈឯកសារកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺជាបណ្ដុំនូវឯកសារសកម្មភាពអាទិភាព ដែលបានមកពីការវាយតម្លៃវិភាគ ព័ត៌មានវិភាគស្ថានភាពខេត្ត ឯកសារវិភាគបញ្ហារបស់មន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីកំណត់ឫសគល់បញ្ហាលើកនូវដំណោះស្រាយស្វែងរកការគាំទ្រពីបណ្ដា ប្រភពជំនួយនានា និងការបង្ហាញនូវតម្រូវការជាអាទិភាពរបស់ប្រជាជន នៅក្នុងខេត្តក្នុងកិច្ចដំណើរការអភិវឌ្ឍន៍មូលដ្ឋានក្នុងបណ្ដាឆ្នាំខាងមុខ។