សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងឯកឧត្តម អ៊ុក រ៉ាប៊ុន និង ឯកឧត្តម លឹម គានហោ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ស្ថាបនាផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថា គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន និងមានរដ្ឋមន្ត្រីតាមក្រសួងស្ថាប័នមួយចំនួន ជាអនុប្រធាន ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត ជាសមាជិក៕