កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ក្រសួងបរិស្ថានផ្តល់ពូជគោ មាន់ និង ថាមពលអគ្គីសនីដើដោយពន្លឺព្រះអាទិត្យ ដល់ប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួង
បរិស្ថាន អជ្ញាធរស្រុក ឃុំ ភូមិ និងសហគមន៍ជាច្រើនរូប ។
ឯកឧត្តម សាបូ អូហ្សាណូ បានមានប្រសាសន៍ថាៈនៅ ថ្ងៃនេះក្រសួងបរិស្ថានបានផ្តល់ពូជគោចំនួន ៣៩ក្បាល ពូជមាន់ចំនួន ៤៨៥ក្បាល និង ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៣៣គីឡូវ៉ាត់ ជូនដល់ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលជាសមាជិក សមាជិកា សហគមន៍ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការផ្ដល់ពូជគោ និងមាន់ ដែលផ្តល់ដោយក្រសួងបរិស្ថាននេះ គឺក្នុងគោលបំណងដើម្បីបង្កើតមុខរបរនិងប្រាក់ចំណូលគ្រួសារ លើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សហគមន៍ឲ្យមានការរីកចម្រើនក្នុងគោលដៅជួយថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពនៅសហគមន៍តំបន់ទឹកធ្លាក់ស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស៕