ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានប្រមានដកហូតតួនាទីមន្ត្រីអធិការនគរបាល និងមន្ត្រីនគរបាលប៉ុស្តិ៍ ដែលមិនធ្វើសកម្មភាពបង្ក្រាបគ្រឿងញៀន ក្នុងដែនរង្វង់សមត្ថកិច្ចរបស់ខ្លួន ក្នុងស្ថានការណ៍ដែលករណីគ្រឿងញៀន បានចូលលុកលុយក្នុងមូលដ្ឋាន ដោយបានពង្វក់យុវជន និងយុវនារី ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរជាតិ បានព្រមានថា បើអធិការនគរបាលណា បានចុះទៅបង្ក្រាបគ្រឿងញៀន ក្នុងមូលដ្ឋានប៉ុស្តិ៍ណាមួយចំនួន ២ដងឡើងទៅ មេនគរបាលប៉ុស្តិ៍នោះ នឹងត្រូវដកចេញពីតំណែង ។ ហើយក្នុងករណីដូចគ្នានេះផងដែរ បើមន្ត្រីនគរបាលពីស្នងការដ្ឋាន បានចុះបង្ក្រាបគ្រឿងញៀន នៅក្នុងដែនដីអធិការណាមួយចាប់ពី ២ដង គឺអធិការនោះ នឹងត្រូវដកចេញពីតំណែងផងដែរ ។
ជាដំណោះស្រាយ បញ្ហាប្រឈមចំពោះអ្នកមានអំណាច លោកបានណែនាំគ្រប់បណ្តាប៉ុស្តិ៍ និងអធិការ បើមិនហ៊ានចាប់ ក៏ត្រូវធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើរបស់ខ្លួន ហើយលោកផ្ទាល់ក៏នឹងរាយការណ៍ជូនថ្នាក់លើបន្តទៀតដែរ ប្រសិនបើហួសសមត្ថភាពរបស់ខ្លួន ។
ក្នុងរាជធានីភ្នំពេញ សេចក្តីរាយការណ៍អំពីការចាប់បានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានកើតឡើងស្ទើរគ្រប់ខណ្ឌទូទាំងរាជធានី និងជាពិសេស ភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គឺជាកន្លែងមួយដែលរងនូវភាពអាស្រូវ នៃអំពើជួញដូរខ្លាំងក្លាជាងគេ មកទល់ពេលនេះ ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស នៅថ្ងៃទី៤ ខែកុម្ភៈនេះថា បញ្ហាបង្រ្កាបគ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញបំផុត ព្រោះពួកជួញដូរគ្រឿងញៀនទាំងនោះ គឺមានអំណាចលើសសមត្ថកិច្ចទៅទៀត… ហើយគ្រឿងញៀន ក៏ត្រូវបានចរាចរបើកលក់ និងប្រើប្រាស់នៅតាមបណ្តាក្លឹបកម្សាន្តមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ។