អភិបាលខេត្តកណ្តាល បើកឱ្យប្រើប្រាស់ឡើងវិញនូវមហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ក្រោយពេលទុកចោលជាច្រើនឆ្នាំ


នៅរសៀលថ្ងៃ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល  និង សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល បានអញ្ជើញ និងនិមន្តជាព្រះធិបតី និងអធិបតីភាព ក្នុងពិធីបើកឱ្យប្រើប្រាស់ឡើងវិញនូវមហាកុដិ វត្តទួលព្រះរាជា ឱ្យព្រះសង្ឃប្រើប្រាស់ និងទុកជាគរុភ័ណ្ឌវត្តទួលព្រះរាជា ស្ថិតនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។

វត្តទួលព្រះរាជា បានកកើតលើដីទួលបុរាណ ដែលប្រជាពលរដ្ឋមានជំនឿថា មានមហិទ្ធិរិទ្ធខ្លាំងពូកែ ក្នុងសម័យសង្គមរាស្រ្តនិយម មានឈ្មោះថា ទួលអាជាជោ ហើយជារៀងរាល់ឆ្នាំក្នុងរដូវទឹកសម្រក ប្រជាជនតែងតែរួបរួមគ្នាធ្វើបុណ្យ ថ្វាយបារមីសុំសេចក្តីសុខចម្រើន ពិសេសសុំឱ្យកសិផលបានពេញលេញ គ្មានសត្វល្អិតចង្រៃបំផ្លាញ ។ ក្នុងអំឡុងឆ្នាំ១៩៩២ លោក ធាន វុទ្ធី បានមកទំនាក់ទំនងជាមួយព្រឹទ្ធាចារ្យ អាជ្ញាធរភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ សុំកសាងទីទួលនេះជាកន្លែងធ្វើសីល សមាធិបញ្ញា ដើម្បីបំពេញកុសលឧទ្ធិសសុំសេចក្តីសុខ សន្តិភាពជូនប្រជាជន ។

ក្រោយមកក្នុងឆ្នាំ២០១៤ លោក ធាន វុទ្ធី បានតាំងខ្លួនឯងជាព្រះសិអារ្យមេត្រីនោះ និងកសាងសមិទ្ធផលនានា ដែលប្រាស់ចាកពីទម្រង់ព្រះពុទ្ធសាសនា រចនាបថ និងវប្បធម៌របស់ជាតិ ក្នុងពេលនោះដែរ ក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងគណៈអភិបាលខេត្តកណ្តាល បានជម្រាបជូនដំណឹងដល់សាធារណៈជនក្នុង និងក្រៅប្រទេស ជ្រាបថា ទង្វើរបស់លោក ធាន វុទ្ធី ដែលប្រព្រឹត្តកន្លងមក បានធ្វើឱ្យបះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ដូចនេះរដ្ឋបាលខេត្តកណ្តាល បានបង្កើតគណៈកម្មការចម្រុះសម្រាប់គ្រប់គ្រងវត្តទួលព្រះរាជា និងបិទមិនឱ្យប្រើប្រាស់មហាកុដិជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ កន្លងមក៕