ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំមន្ត្រី និងអ្នកពាក់ព័ន្ធនៅខេត្តកំពង់ធំ ត្រូវរួមគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ឲ្យទាន់ពេល និងមានប្រសិទ្ធភាព


(កំពង់ធំ)៖ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ក្រោមអធិបតីឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការ ស.អ.ក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំថ្លែងថា នៅក្នុងឆ្នាំ២០២០នេះ ខេត្តកំពង់ធំ រងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិដូចជា ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជន ១១,៦៩៥គ្រួសារ ស្លាប់ ៩នាក់ ប៉ះពាល់ស្រូវ ១៨,៨៥០ហិកតា ខូចខាត ១០,៣៣៥ហិកតា (ស្មើ១២,៣៦៥គ្រួសារ) ប៉ះពាល់ ផ្លូវកៅស៊ូ ៩,៧០០ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួសក្រហម ៥៩,១៩៦ម៉ែត្រ ប៉ះពាល់ ផ្លូវដីស ៨,៣៨៤ម៉ែត្រ ប៉ះពាល់សាលា ៤១សាលា និងជម្លៀសសត្វ ៦,០១១ក្បាល -ខ្យល់កន្ត្រាក់ ៤៧ករណី រន្ទះបាញ់ ស្លាប់៩នាក់ របួស១នាក់។

ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ឯកឧត្តមបានបន្តរថា ទូទាំងខេត្តបានរកឃើញអតីតយុទ្ធជន មានដី និងផ្ទះស្នាក់នៅមិនសមរម្យ ចំនួន១៧គ្រួសារ, អតីតយុទ្ធជន ពុំមានដី និងពុំមានផ្ទះចំនួន១៥៣គ្រួសារ ក្នុងឱកាសនោះ ក្នុងនាមសម្តេចប្រធាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានចលនាសប្បុរសជន និងបណ្តាមន្ទីអង្គភាពជុំវិញខេត្តជួយឧបត្ថមបានចំនួន១៧ខ្នងផ្ទះ។ ដោយឡែកអតីតយុទ្ធជន និងគ្រួសារដែលអត់ដីអត់ផ្ទះចំនួន ១៥៣ គ្រួសារ អភិបាលខេត្ត សន្យាដោះស្រាយផលប៉ះពាល់នៅលើដីសម្បទានសង្គមកិច្ចផ្តល់ជូន និងសាងសង់ផ្ទះជូនពួកគាត់ជាបន្តទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី អរគុណ និងកោតសសើរ ហើយចាត់ទុកថានេះជាកាយវិការមួយល្អណាស់ សម្រាប់ជាការតបស្នងសងគុណបងប្អូនអតីតយុទ្ធជនយើង ដែលពួកគាត់សុទ្ធតែមានគុណបំណាច់សម្រាប់សង្គមជាតិយើង។ ព្រោះតែការលះបង់ក្នុង បុព្វហេតុជាតិនេះហើយ ទើបរក្សាបាននូវសុខសន្តិភាព និងផ្តល់ឱកាសល្អសម្រាប់ការរកស៊ី ការវិនិយោគរហូតមានជីវភាពល្អ។ ដូច្នេះយើងត្រូវចេះតបស្នងសងគុណពួកគាត់។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះអ្នកពាក់ព័ន្ធ ទាំងអស់ដែលខិតខំជួយ សង្គ្រោះលើកិច្ចការងារនេះ ដោយបានបំពេញ មុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្ត ម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើការណែនាំដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធ ត្រូវរួមសហការគ្នា ត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ផ្សេងៗឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕