ឯកឧត្តម កែវ រតនៈ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនបងប្អូនកងទ័ព និងនគរបាលការពារព្រំដែន នៅប្រចាំទិសប្រាសាទតាមាន់


(ឧត្តរមានជ័យ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូអគ្គិសនីកម្ពុជា និងក្រុមហ៊ុន LYP Group ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំង នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដែលជាអង្គភាព សម្ព័ន្ធមេត្រីភាពជាមួយអគ្គិសនីកម្ពុជា។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា ជាប្រពៃណីនៅរៀងរាល់៣ខែម្តង ក្រុមហ៊ុនទាំងពីរ គឺអគ្គិសនីកម្ពុជា និងក្រុមហ៊ុន LYP Group ដែលមានចំណងមេត្រីភាពជាមួយ អង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ តែងតែចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ ជូនបងប្អូនកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាប់ព្រំដែន ដោយមិនដែលកាត់ផ្តាច់ពីគ្នាបានឡើយ រវាងសមរភូមិមុខ និងសមរភូមិក្រោយ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តម កែវ រតនៈ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងការពារព្រំដែន។

ឯកឧត្តម កែវ រតនៈ ក៏សម្តែងការកោតសរសើរ ដល់ជីវភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រ ពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឲ្យកត់សម្គាល់ និងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។

ឯកឧត្តម កែវ រតនៈ បានបន្ដថា ស្នាដៃនេះ គឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។

ឯកឧត្តម កែវ រតនៈ ក៏បានអំពាវនាវដល់បងប្អូនកងទ័ព និងនគរបាល សូមប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ និងបន្តរឹងប៉ឹងថែមទៀត ក្នុងការការពារបូរណភាពទឹកដី ដោយសមរភូមិក្រោយ នៅតែបន្តគាំទ្រកងទ័ព និងនគរបាលការពារព្រំដែន ដែលមានវីរភាពអង់អាចក្លាហានការពារទឹកដីបានគង់វង្ស។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្តថា ក្នុងពិធីសំណេះសំណាលនេះ បងប្អូនកងទ័ព និងកងកម្លាំងនគរបាលវរការពារព្រំដែន មានការរីករាយសប្បាយចិត្ត ដែលសមរភូមិក្រោយមិនភ្លេចពួកគាត់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ហើយអគ្គិសនីកម្ពុជា មានមោទនភាពជាខ្លាំង ដោយសារបានចងសម្ព័ន្ធមេត្រីភាពជាមួយ កងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ក្នុងការការពារទឹកដី៕