ពិធីបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណៈប្រព័ន្ធនៅក្នុងភូមិចំនួន០២ក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង : រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបិទផ្សាយទិន្នន័យជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីនៅភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមរបស់លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និង លោក លី សុភា ប្រធាន
មន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង់និងសូរិយោដីខេត្តនិងលោក លោកស្រីមកពីមន្ទីរអង្គភាពជុំវិញខេត្ត តំណាងធនាគារឯកជននិងប្រជាពលរដ្ឋទាំងពីរភូមិ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តធម្មយុត្តិ នាព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២១
នេះ។

តាមរបាយការណ៍របស់ លោក លី សុភា ប្រធានមន្ទីរបានបញ្ជាក់អោយដឹងថាៈស្តីពីការកំណត់ព្រំ និងវិនិច្ឆ័យទាំង០២
ភូមិក្នុងសង្កាត់ប្អេរសរុបមានចំនួន ១៧៤៣ ក្បាលដី ក្នុងនោះសម្រាប់ភូមិធម្មយុត្តិមានចំនួន ៧០៩ ក្បាលដី ក្នុងមានដីកសិកម្មចំនួន ១៥ ក្បាលដី ដីលំនៅដ្ឋានមានចំនួន ៦៧៥ ក្បាលដី ដីវត្ត ០១ ក្បាលដី ដីសាលារៀន ០២ ក្បាលដី ដីស្រះ ០១ ក្បាលដី ដ៏គណបក្ស ០២ ក្បាលដី ដីសួនច្បារ ០២ ក្បាលដី ដីចំណតរថយន្ត ០១ ក្បាលដី ដីការិយាល័យអ្នកតំណាងរាស្ត្រ ០១ ក្បាលដី ដីទីបញ្ជាការដ្ធានកងរាជអាវុធហត្ថ ០១ ក្បាលដី ដីអាគាររដ្ធបាលមាន ០៦ ក្បាលដី និងដីតារាងបាល់ទាត់ចំនួន ០២ ក្បាលដី ហើយភូមិម៉ុងបារាំងមានចំនួន ១០៣៤ ក្បាលដី ក្នុងនោះមានដីកសិកម្មចំនួន ៣៩ ក្បាលដី ដីលំនៅដ្ធានចំនួន ៩៨៨ ក្បាលដី ដីសួនច្បារ ០១ ក្បាលដី ដីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ០២ ក្បាលដី និងដីអគាររដ្ធបាល ចំនួន ០៤ ក្បាលដីរួចមក ។

ឯកឧត្តម សាន់ យូ បានមានប្រសាសន៍ថា ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការទន្ទ្រានដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តន៍
នូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដីពិតជាត្រឹមត្រូវ ឬអត់។ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ។

ឯកឧត្តម សាន់ យូ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋមកពិនិត្យការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ត្រូវយកភ្ជាប់ជាមួយនៅប្រកាន់ដៃក្បាលដី អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់បានឆាប់រហ័សក្នុង រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែមករាដល់ថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២១ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធ) សម្រាប់ប្រជាពលរដ្ឋ អ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខខណ្ឌច្បាប់៕