ឯកឧត្តម ឯម ច័ន្ទមករា ៖ ច្បាប់ថ្មីស្តីពីកិច្ចគាំពារជនមានពិការភាព ផ្តោតលើឧត្តមប្រយោជន៍ជនមានពិការភាពជាច្រើន


(ភ្នំពេញ)៖ ក្នុងគោលបំណងកំណត់អំពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិ កិច្ចគាំពារ ការទ្រទ្រង់ជីវភាព ការលុបបំបាត់ការរើសអើងជនមានពិការភាព និងការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ សេចក្តីព្រាងច្បាប់ថ្មីត្រូវបានលើកយកមកពិភាក្សាបន្តជាមួយក្រសួង ស្ថាប័នពាក់នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសម្របសម្រួលអង្គប្រជុំដោយ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
ថ្លែងបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចគាំពារជនមានពិការភាពនេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះជនមានពិការភាព និងសកម្មភាពទាំងឡាយណាដែលទាក់ទិននឹងវិស័យពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមនិយមន័យថ្មីនៃពាក្យជនមានពិការភាព សំដៅដល់បុគ្គលទាំងឡាយណាដែលខ្វះខាត និង/ឬបាត់បង់ និង/ឬខូចខាត និង/ឬចុះខ្សោយផ្នែកណាមួយនៃសរីរាង្គនិងមានឧបសគ្គរារាំងក្នុងសកម្មភាពប្រចាំថ្ងៃរួមទាំងការចូលរួមក្នុងសង្គមដោយស្មើភាពជាមួយអ្នកដទៃ។ “នេះជាការលើកឡើងរបស់រដ្ឋលេខាធិការ ឯម ច័ន្ទមករា”
ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា ប្រភេទនិងកម្រិតពិការភាពត្រូវបានកំណត់ជាក់លាក់ក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ ដើម្បីមានភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណកម្មនិងផ្តល់របបគោលនយោបាយសម្រាប់ជនមានពិការភាព។ រដ្ឋលេខាធិការរូបនេះបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងសេចក្តីព្រាងច្បាប់នេះ ជនមានពិការភាពនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្របតាមការអភិវឌ្ឍរបស់ប្រទេស រួមទាំងការផ្តល់លើសេវាអប់រំ សុខាភិបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបង្កលក្ខណៈងាយស្រួល សេវាសង្គមកិច្ច វប្បធម៌ សិល្បៈ និងសាសនាជាដើម។ល។
គួរបញ្ជាក់ផងដែលថា សេចក្តីព្រាងច្បាប់ថ្មីនេះមានជំពូក១០ជំពូក និង៦៧មាត្រា គ្រោងដាក់ស្នើសុំសេចក្តីសម្រេចពីសម្តេចតេជោនាយករដ្ឋមន្ត្រីជាមុន មុននឹងសុំសេចក្តីចិត្តពីរដ្ឋសភាក្នុងពេលដ៏ឆាប់ខាងមុខនេះ៕