ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងបរិស្ថាន រៀបចំបោះបង្គោលព្រំដែនជម្រកការពារធនធានធម្មជាតិ


(ព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានកំពុងរៀបចំ ការបោះបង្គោលកំណត់ព្រំតំបន់ការពារធនធានធម្មជាតិ ហើយផែនការនេះ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ក្រសួងបរិស្ថាន ត្រូវការបោះបង្គោលដែននៅក្នុងតំបន់ការពារជាតិឱ្យបាន ៥០ភាគរយ។

ឯកឧត្តមក៏បានបន្តថា ដោយឡែកឯការបោះបង្គោលព្រំវិញ ក្រសួងបរិស្ថាន បានធ្វើនៅតំបន់មួយចំនួនហើយដូចជា៖ នៅដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រិច និងតំបន់មួយចំនួនទៀតដែលបាននឹងកំពុងបោះ។ សូមបញ្ជាក់ថា ការបោះបង្គោលព្រំនេះ គឺជាភាពចាំបាច់ ដើម្បីកំណត់តំបន់នីមួយៗ ហើយក៏ជាភាពចាំបាច់ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ដែរ ប៉ុន្តែ កិច្ចការងារនៃការបោះបង្គោលព្រំនេះ គឺត្រូវការចំណាយពេលយូរដោយសារតែដំណើរការនៃការបោះបង្គោលនេះ គឺត្រូវការពិនិត្យល្អិតល្អន់ និយាមការ ពិនិត្យទៅលើព្រំ ហើយនឹងផ្ទៃដីនៃតំបន់ការពារធម្មជាតិនីមួយៗ គឺមានទំហំធំ។

ការបញ្ជាក់បែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែងភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ក្រោមការរៀបចំដោយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតង។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានធ្វើការចុះបញ្ជីដីរដ្ឋ និងការបោះបង្គោល ប៉ុន្តែ សម្រាប់ការចុះបញ្ជីដីរដ្ឋ គឺក្រសួងបរិស្ថាន បានធ្វើការរៀបចំនូវឯកសារគ្រប់គ្រាន់ហើយ ដើម្បីចុះបញ្ជីជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដីរដ្ឋ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ការរៀបចំចុះបញ្ជីដីរដ្ឋ និងការបោះបង្គោល គឺជាកិច្ចការចាំបាច់ដើម្បីបញ្ជាក់ឱ្យច្បាស់ថារដ្ឋ មានផ្ទៃដីចំនួនប៉ុន្មាន ដែលត្រូវកាន់កាប់ដោយក្រសួងបរិស្ថាន។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ចំពោះកិច្ចការងារនេះ ក្រសួងបរិស្ថាន បានចុះបញ្ជីដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន ដែលនៅក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រិច ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់មួយចំនួនទៀតដែលក្រសួងកំពុងតែរៀបចំនីតិវិធីចុះបញ្ជីផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា៖ បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធនធានជាតិ និងរបៀងអភិរក្សជីវចម្រុះសរុប ៧០កន្លែង ដែលមានផ្ទៃដីប្រមាណ ៧លាន ៣សែនហិកតា។ ការបោះបង្គោលរបស់យើង គឺមិនទាន់បាន១០ភាគរយនៅឡើយទេ ហើយផែនការរបស់យើង គឺចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ គឺយើងត្រូវការបោះបង្គោលដែននៅក្នុងតំបន់ការពារជាតិឱ្យបាន៥០ភាគរយ ដែលជាដែនការរបស់យើង (ក្រសួងបរិស្ថាន)។

ពាក់នឹងការបោះបង្គោលព្រំដែនជម្រកសត្វព្រៃនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ការបោះបង្គោលនេះ គឺត្រូវការចាំបាច់បំផុតការចូលរួមពីប្រទេសម្ចាស់ជំនួយ អង្គការដៃគូរ ដើម្បីចូលរួមក្នុងការរៀបចំការបោះបង្គោលព្រំនេះឱ្យបានច្បាស់លាស់ ហើយពេលដែលបោះបង្គោលព្រំបន្ទាប់ពីចុះបញ្ជីដីរដ្ឋនោះតំបន់ការពារធម្មជាតិនឹងកាន់តែមានភាពល្អប្រសើរឡើង។

បើតាមឯកឧត្តម នេត្រ ភក្ត្រា ក៏បានបង្ហាញនូវភាពជឿជាក់ថា ការទន្ទ្រានកាន់កាប់នឹងមានការថយចុះ ពីព្រោះតំបន់អភិរក្សធនធានធម្មជាតិទាំងអស់នោះត្រូវបានបញ្ជាក់យ៉ាងច្បាប់ថាជាដីរបស់រដ្ឋ បន្ថែមពីនេះបច្ចុប្បន្ននេះ មន្ត្រីជំនាញបានស្គាល់ទីតាំង តំបន់ការពារ និយាមការ ប៉ុន្តែ មានប្រជាពលរដ្ឋមួយចំនួនដែលចូលកាប់ទន្ទ្រាដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិលើកឡើងថាពួកគាត់មិនបានដឹង ដោយយកលេសថាមិនទាន់មានការបោះបង្គោលព្រំដីរដ្ឋជាដើម៕