កម្ពុជានឹងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃ៤-៥ ខែកុម្ភៈ តាមរយៈវីដេអូ Conference


(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ចាប់ពីថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈវីដេអូ Conference នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូកេត្រា។

កិច្ចប្រជុំពាក់ព័ន្ធដទៃទៀតនោះ រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ លើកទី២០ (ប្រទេសចិន ជប៉ុន និងកូរ៉េ) រដ្ឋមន្រ្តីទេសចរណ៍អាស៊ានឥណ្ឌា លើកទី១១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញប្រកបដោយចីរភាព និងការទទួលខុសត្រូវ (Unity for Sustainable and Responsible Tourism Recovery)» ដែលនឹងពិភាក្សា ពិនិត្យ សម្រេចលើផែនការការងារសំខាន់ៗនៃវិស័យទេសចរណ៍មួយចំនួន រវាងប្រទេសសមាជិកអាស៊ានទាំង ១០ ប្រទេសដៃគូអាស៊ាន ព្រមទាំងដៃគូអាស៊ានផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍រួមគ្នា និងដោះស្រាយផលប៉ះពាល់បណ្ដាលមកពីវិបត្តិកូវីដ-១៩៕