ឯកឧត្តម សុខ សូកេន៖ យុវជនទូទាំងសកលលោកកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការបោះបង់ការអប់រំ និងការងារក្នុងអំឡុង និងក្រោយកូវីដ-១៩


ឯកត្តម សុខ សូកេន បានលើកឡើងថា យុវជនមួយភាគធំដែលរស់នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទំនងជាគ្មានការងារធ្វើ ឬរកការងារធ្វើមិនទៀងទាត់ ឬការរៀបចំការងារដែលខ្វះការគាំពារសង្គមគ្រប់គ្រាន់។ យុវជនក៏ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការបោះបង់ការអប់រំដោយសារមិនមានបច្ចេកវិទ្យាឌីជីថល និងការទទួលបានមិនស្មើភាព ដែលជំរុញទៅរកការបាត់បង់សេដ្ឋកិច្ច និងឱកាសជាច្រើន។
ការលើកឡើងបែបនេះធ្វើឡើងខណៈពេលដែល ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងសម្ព័ន្ធយុវជន ICAPP អញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការអប់រំ និងយន្តការកិច្ចគាំពារសង្គមសម្រាប់យុវជនក្នុងអំឡុង និងក្រោយកូវីដ-១៩” ដែលរៀបចំឡើងដោយសម្ព័ន្ធយុវជនICAPP និង លេខាធិការដ្ឋាន ICAPP កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃកិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងទាន់ពេលវេលា ស្របពេលដែលមានការរំខានយ៉ាងខ្លាំងក្នុងវិស័យអប់រំ និងការងារដោយសារកូវីត-១៩។ ដូចនេះ មេដឹកនាំគណបក្សនយោបាយត្រូវចាត់វិធានការ ដើម្បីការពារផលប៉ះពាល់យូរអង្វែង និងការខូចខាតដល់យុវជន។ ជាមួយគ្នានេះផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមបច្ចុប្បន្នរបស់យុវជន និងដើម្បីលើកកម្ពស់ការឆ្លើយតបគោលនយោបាយដែលសមស្រប កិច្ចប្រជុំផ្តោតជាសំខាន់ទៅលើ ១. ការអប់រំ៖ ធ្វើអោយមានដំណើបន្តនៃការសិក្សា ២. ការងារ៖ ពង្រីកយន្តការគាំពារសង្គមសម្រាប់យុវជនដែលបានបាត់បង់ការងារ ឬបានជួបប្រទះការកាត់បន្ថយចំណូល។
ក្នុងបទអន្តរាគមន៍របស់ ឯកឧត្តម សុខ សូកេន បានលើកឡើងពីការរាតត្បាតនៃជំងឺកូវីត-១៩ ដែលបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់យុវជន។ ឯកឧត្តម បានបន្តថា យុវជនមួយភាគធំដែលរស់នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទំនងជាគ្មានការងារធ្វើ ឬរកការងារធ្វើមិនទៀងទាត់ ឬការរៀបចំការងារដែលខ្វះការគាំពារសង្គមគ្រប់គ្រាន់។ យុវជនក៏ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការបោះបង់ការអប់រំដោយសារមិនមានបច្ចេកវិទ្យាឌីជីថល និងការទទួលបានមិនស្មើភាព ដែលជំរុញទៅរកការបាត់បង់សេដ្ឋកិច្ច និងឱកាសជាច្រើន។
ឯកឧត្តម បានធ្វើការអំពាវនាវដល់គណបក្សនយោបាយ និងសកម្មជននៅគ្រប់តំបន់ទាំងអស់ត្រូវធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តវិធានការសមស្របនិងធានានូវសកម្មភាពប្រកបដោយចីរភាព។ ក្នុងន័យនេះ យើងត្រូវផ្តល់ឱ្យយុវជនទាំងអស់នូវសេវាកម្មសុខភាពគ្រប់គ្រាន់ឱកាសស្មើគ្នាសម្រាប់ការអប់រំ និងការងារ និងលក្ខខណ្ឌការងារស្តង់ដារ។ ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា ទាំងនេះគឺជាការវិនិយោគដ៏សំខាន់សម្រាប់យុវជនដែលជាផ្នែកមួយដែលមិនអាចខ្វះបាននៃកម្លាំងពលកម្មពិភពលោក ហើយនិងជាតួអង្គសំខាន់ៗសម្រាប់ការផ្លាស់ប្តូរសង្គម កំណើនសេដ្ឋកិច្ច និងភាពច្នៃប្រឌិតខាងបច្ចេកវិទ្យា។
ឯកឧត្តម សុខ សូកេន ក៏បានជម្រាបជូនកិច្ចប្រជុំផងដែរអំពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងអនុវត្ត និងកំពុងបន្តកែសម្រួលក្របខ័ណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍយុវជននៅកម្រិតសង្គមទាំងមូល ពោលគឺគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន (NPYD) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដែលមានគោលបំណង លើកកម្ពស់សមត្ថភាពយុវជនតាមរយៈការអប់រំកំរិតខ្ពស់ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តល់ឱ្យពួកគេនូវការងារមានស្ថិរភាព ដើម្បីធានាបាននូវជីវភាពសមរម្យ និងបង្កើនសក្តានុពលរបស់ពួកគេ។ ជាមួយគ្នានេះផងដែរ ដើម្បីឆ្លើយតបទៅនឹងកូវីត-១៩ យុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងៗត្រូវបានអនុវត្ត ដើម្បីដោះស្រាយរាល់ការរំខាននានាក្នុងដំណើរការអភិវឌ្ឍ ស្តារឡើងវិញ និងធានាអោយបាននូវការបន្តវឌ្ឍនភាព ។
ឯកឧត្តម ថ្លែងមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាបានដាក់ចេញនូវវិធានការសារពើពន្ធ ហិរញ្ញវត្ថុ និងសង្គមមួយចំនួនរួមមាន ការលើកលែងពន្ធសម្រាប់ឧស្សាហកម្មដែលរងផលប៉ះពាល់ សហហិរញ្ញប្បទាន និងការចែករំលែកហានិភ័យជាមួយនឹងការផ្តល់ឥណទានគ្រប់ទំហំ ការបន្ថែមប្រាក់ចំណូល ក៏ដូចជាសាច់ប្រាក់សម្រាប់ការងារនិង កម្មវិធីប្រគល់សាច់ប្រាក់។ ក្នុងនោះ យុវជនដែលការងាររបស់ពួកគេកំពុងរងផលប៉ះពាល់ក៏ត្រូវបានផ្តល់ឱកាសដល់ការបន្កើន និងស្តារជំនាញឡើងវិញ ដើម្បីបង្កើនភាពមានការងារធ្វើ និងកាត់បន្ថយភាពលំបាកក្នុងទីផ្សារការងារក្នុងកំឡុងពេលនិងក្រោយពេលកូវីត។ ឯកឧត្តម ក៏បានបញ្ចាក់ជូនកិច្ចប្រជុំអំពីការប្តេជ្ញាចិត្តបន្តខិតខំអោយអស់ពីសមត្ថភាពដោយតាមដានស្ថានការណ៍និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីកែលំអសុខុមាលភាពនិងជីវភាពរស់នៅរបស់យុវជននិងប្រជាពលរដ្ឋទាំងអស់។ជាងនេះទៅទៀត ឯកឧត្តម សុខ សូកេន បានចូលផ្តល់នូវធាតុចូល ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធយុវជន ដោយបានសង្កត់ធ្ងន់ទៅលើតំរូវការចាំបាច់ និងជាបន្ទាន់សម្រាប់ភាពជាដៃគូអន្តរជាតិ និងសាមគ្គីភាពក្នុងចំណោមសមាជិករបស់ ICAPP ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីត-១៩ និងបានអំពាវនាវឱ្យរដ្ឋាភិបាលនិងគណបក្សដែលមានការទទួលខុសត្រូវចែករំលែកនូវឧត្តមានុវត្តន៍
បទពិសោធន៍ល្អៗ ក៏ដូចជាឧបករណ៍ និងវិធីសាស្រ្តអប់រំដែលមានតម្លៃទាបក្នុងចំណោមក្រុមគ្រួសារ ICAPP ដើម្បីជួយដោះស្រាយបញ្ហាពិភពលោកដែលបណ្តាលមកពីកូវីត-១៩ និងជម្រុញស្មារតីកសាងសហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិតាមរយៈការធានាការអប់រំយុវជន សន្តិសុខសុខភាព ឱកាសការងារគ្រប់គ្រាន់ និងគុណភាពជីវិត។ ជាចុងបញ្ចប់ កិច្ចប្រជុំនេះបានអនុម័តជាឯកច័្ឆននូវសេចក្តីថ្លែងការណ៍សម្ព័ន្ធយុវជនសម្រាប់ការអប់រំ និងយន្តការកិច្ចគាំពារសង្គមសម្រាប់យុវជនក្នុងអំឡុង និងក្រោយកូវីដ-១៩។
គួររំលឹកផងដែរថា សម្ព័ន្ធយុវជន ICAPP ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលមហាសន្និបាតលើកទី ៧ របស់ ICAPP នៅទីក្រុងបាគូ ប្រទេសអាហ្ស៊ែបៃហ្សង់ នៅឆ្នាំ ២០១២ ដើម្បីជួយជំរុញមេដឹកនាំនយោបាយ ដែលជាយុវជនឲ្យចូលរួមកាន់តែសកម្មនៅក្នុងសកម្មភាពរបស់អង្គការ ICAPP ព្រមទាំងជួយយុវជនឲ្យស្វែងយល់ និងពង្រឹងសមត្ថភាពដឹកនាំរបស់ពួកគេក្នុងផ្នែកនយោបាយ ក្នុងនោះរចនាសម្ព័ន្ធនៃសម្ព័ន្ធយុវជន ICAPP មានប្រទេស ម៉ាឡេស៊ី និងអាហ្ស៊ែបៃហ្សង់ជាសហប្រធាន និង អនុប្រធានមាន ម៉ុងហ្គោលី កម្ពុជា នេប៉ាល់ ប៉ាគីស្ថាន និងម៉ាឡេស៊ី៕