ព្រះសីហនុ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ដែលកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ទាំង២៩ មណ្ឌលសុខភាព១៦ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានឆ្លងចូលក្នុងសហគមន៍នៅប្រទេសជិតខាងរបស់យើង វាក៏អាចគំរាមកំហែងដល់ប្រទេសកម្ពុជាផងដែរ ។ យើងក៏មានពលកររាប់ម៉ឺននាក់នៅប្រទេសថៃ ហើយមានពលករមួយចំនួនបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ។ ឯកឧត្តមបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់កម្លាំងសរុប ក្នុងការគ្រប់គ្រងធ្វើចក្តាឡីស័កពលករខ្មែរវិលមកពីប្រទេសថៃនៅតាមព្រំដែន និងធ្វើការដឹកជញ្ជូនពលកររបស់យើងមកកាន់ក្រុង ស្រុកវិញប្រកបដោយជោគជ័យ មិនមានការឆ្លងចូលសហគមន៍ ។ រាជរដ្ឋាភិបាលមានការព្រួយបារម្ភ ចំពោះពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងបានដាក់ចេញនូវវិធានការគ្រប់គ្រងទទួលបានជោគជ័យ។ ដូច្នេះយើងត្រូវបន្តការគ្រប់ គ្រងអ្នកដែលចូលមកតាមច្រករបៀងខុសច្បាប់ ព្រមទាំងស្នើសុំឱ្យមេឃុំ ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាង និងបំផុសប្រជាពលរដ្ឋ បើមានក្រុមគ្រួសារណាមកពីប្រទេសថៃ សូមរាយការណ៍មកមេភូមិ ឃុំ សង្កាត់ ដើម្បីយកពួកគាត់ធ្វើចក្តាឡីស័ក ១៤ថ្ងៃជាមុនសិន ត្រូវយកប្រជាពលរដ្ឋជាភ្នែក ច្រមុះ ដើម្បីយើងប្រមូលព័ត៌មាននៅក្នុងមូលដ្ឋាន ។ ម្យ៉ាងទៀតមណ្ឌលសុខភាពត្រូវចូលរួមសហការជាមួយអាជ្ញាធរឃុំ សង្កាត់ព្រោះមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពពួកគាត់ទទួលបានបណ្តុះបណ្តាល ក្នុងការយកសំណាកកូវីដ-១៩។
ឯកឧត្តម គួច ចំរើន បានណែនាំដល់មេឃុំ ចៅសង្កាត់បង្កើនស្មារតីទទួលខុសត្រូវ ប្រមូលព័ត៌មានឱ្យបានជាប់ជាប្រចាំ ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលកូវីដ ក្នុងសហគមន៍ ។ ទន្ទឹមនោះមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋធ្វើរបាយការណ៍ទីតាំងរបស់ខ្លួន ក្នុងការរៀបចំធ្វើរបង ដើម្បីការពារសុវត្ថិភាពមន្ត្រីរបស់យើងនៅតាមមណ្ឌលសុខភាពនីមួយៗ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្តល់ថវិកាដល់ក្រុង ស្រុកទាំង៥ ក្នុងក្រុង ស្រុកនីមួយៗទទួលបានថវិកា១០លានរៀល មន្ទីរសុខាភិបាលខេត្ត១០លានរៀល មន្ទីរពេទ្យបង្អែកខេត្ត១០លានរៀល មណ្ឌលសុខភាព១៦ ក្នុងមួយមណ្ឌលៗ ៥លានរៀល សាលាឃុំ សាលាសង្កាត់២៩ ក្នុងមួយឃុំ សង្កាត់ ៥លានរៀល ៕