សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាពប្រសិទ្ធភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន


ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដី ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់នៃអង្គភាពក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការត្រៀមរៀបចំរបស់គណៈកម្មការ និងអនុគណៈកម្មការ ទទួលបន្ទុករៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២១ ក៏ដូចជាដើម្បីប្រមូលមតិយោបល់បន្ថែមទៀតសំដៅឱ្យការរៀបចំពិធីសន្និបាតនេះ ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
គួរកត់សម្គាល់ថា៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេក វិទ្យា ដើម្បីពង្រឹងគុណភាពប្រសិទ្ធភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន”។
បន្ទាប់ពីស្ដាប់របាយការណ៍របស់ឯកឧត្ដមប្រធានគណៈកម្មការ និងឯកឧត្តម លោកជំទាវអនុប្រធាន គណៈកម្មការ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ប្រធានបទរបស់អង្គសន្និបាតមានសារសំខាន់ ណាស់ ហើយវាក៏ជាសូចនាករមួយសម្រាប់អង្គភាពនីមួយៗក្រោមឱវាទក្រសួងធ្វើការវាស់ស្ទង់ ដើម្បីរៀបចំ គោលនយោបាយ និងផែនការសកម្មភាពរបស់ខ្លួនឱ្យស្របតាមប្រធានបទនេះផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានណែនាំមន្ត្រីក្រោមឱវាទឱ្យធ្វើការរៀបចំគោលនយោបាយ និងផែនការសកម្មភាពត្រូវប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងមានការវាស់វែងឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវឈរ លើគោលការណ៍ច្បាស់លាស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងវិស័យសាធារណការ និងដឹក ជញ្ជូនឱ្យកាន់ខ្ពស់ថែមទៀត។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ រាល់បទអន្តរាគមន៍លើកឡើងនៅក្នុង សន្និបាតរបស់អង្គភាពពាក់ព័ន្ធ មិនត្រឹមតែបង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយ និងសំណូមពរប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវមានដំណោះស្រាយផ្ទាល់ខ្លួនផងដែរ ដោយហេតុថា៖ គ្មានជនណា អាចផ្ដល់ដំណោះស្រាយ ល្អប្រសើរជាងអ្នកដែលអនុវត្តផ្ទាល់ និងអ្នកដែលជួបនឹងបញ្ហាផ្ទាល់នោះឡើយ ជាពិសេសវាស្ថិតនៅក្នុង ភូមិសាស្ត្ររបស់ខ្លួនថែមទៀតផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានដឹកនាំបូកសរុបលទ្ធផលការងាររយៈពេលកន្លងមកទាំងការងារសាធារណ ការ ការងារដឹកជញ្ជូន ការងារផ្ដល់សេវា ការងារព័ត៌មានវិទ្យា និងកិច្ចការផ្សេងៗទៀត ដើម្បីស្វែងរកចំណុច ខ្លាំង ចំណុចខ្សោយ និងដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅឱ្យការងារទាំង នោះប្រព្រឹត្តដោយរលូន។
ឆ្លៀតឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានប្រកាសសុពលភាពសមាសភាពថ្មីដែលទើបទទួល បានការតែងតាំងជាអនុរដ្ឋលេខាធិការ អគ្គនាយករង និងប្រធាននាយកដ្ឋានផងដែរ ដើម្បីជំរុញការងារតាមដែនសមត្ថកិច្ចនីមួយៗឱ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរ និងអំណរគុណដល់គណៈកម្មការ អនុគណៈកម្មការ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយឆន្ទៈខ្ពស់ក្នុងការត្រៀមរៀបចំ សន្និបាតឆ្នាំនេះ ព្រមទាំងបានផ្ដាំផ្ញើឱ្យមន្ត្រីក្រោមឱវាទក្រសួងទាំងអស់បន្តវប្បធម៌សហការ សាមគ្គីឱ្យ កាន់តែខ្លាំងខ្លាថែមទៀត ជាពិសេសត្រូវបំពេញកិច្ចការដោយឆន្ទៈខ្ពស់បំផុត ពោលគឺធ្វើម្ដង ធ្វើឱ្យហើយ ធ្វើឱ្យត្រូវ និងប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសវាងការខាតបង់នានា។
សូមបញ្ជាក់ជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រារព្ធពិធីសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០២០និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ របស់ខ្លួននៅថ្ងៃទី១៦ និង១៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ៕