ពិធីដាក់សម្ពោធជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល


(កណ្តាល)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារ គណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភ: ឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អភិបាលស្រុកពញាឮ អស់លោក លោកស្រីជាក្រុមការងារសរុបជាង២៥០នាក់ផងដែរ។

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជកម្ពុជា ដោយបានចាប់ផ្តើមដំណើរការ សាងសង់ កាកពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរនាពេលនេះ ដោយការងារសាងសង់រួមមាន៖

*ចាក់ដីបំពេញបរិវេណទីធ្លាទីស្នាក់ការបក្ស
*សង់ក្លោងទ្វារថ្មី និងចាក់ផ្លូវបេតុងថ្មីចូលទីស្នាក់ការបក្ស
*កែលម្អអគារស្នាក់ការបក្សចាស់ ជាសាលប្រជុំខ្នាតតូចថ្មី
*ជួលជុលកែលម្អអគារការិយាល័យគណបក្សស្រុក
*រៀបចំសួនច្បារលម្អរបរិវេណទីស្នាក់ការបក្ស
*សាងសង់អគារស្នាក់ការបក្សថ្មី ទំហំ ៣២ម៉ែត្រ X ១២ម៉ែត្រ កម្ពស់២ជាន់ ដែលមានបន្ទប់សាលប្រជុំធំ ៥០០នាក់ ចំនួន១ និងបន្ទប់ការិយាល័យធំ ចំនួន៥ សម្រាប់បម្រើតាមវិស័យផ្សេងៗ។

នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភបន្ថែមនូវកុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនធ័រ ១៣ឈុត ជូនការិយាល័យបក្សស្រុក២ឈុត និងតាមបណ្តាឃុំទាំង១១ ក្នុង១ឃុំ ១ឈុតផងដែរ ក្នុងការជួយសម្រួលកិច្ចការដ្ឋបាលប្រចាំថ្ងៃ ដើម្បីបន្តរបម្រើដល់បងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អគារស្នាក់ការថ្មីខាងលើនេះ ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្នុងមូលដ្ឋានស្រុកពញាឮ ដែលបានលេចឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់រាល់ការលំបាក ដើម្បីដឹកនាំប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍរីកចម្រើនជាលំដាប់ ភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព៕