សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ និងទិសដៅបន្ដ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២០ និងទិសដៅបន្ដឆ្នាំ២០២១។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក,សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំនគរបាល និងអាវុធហត្ថ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅឆ្នាំ២០២០កន្លងទៅ តាមរយៈការកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ អ្នករបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ កើតឡើងចំនួន៣,១៧៩ករណី ធៀបនឹងឆ្នាំ២០១៩កើតឡើង ចំនួន៤,១២១ករណី ថយចុះចំនួន៩៤២ករណី។ ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ នៅឆ្នាំ២០២០ ចំនួន១,៦៤៦នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន១,៩៨១នាក់ ថយចុះចំនួន៣៣៥នាក់។

មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ ស្រវឹង៥ភាគរយ កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ៕