សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជំនួយវ៉ាក់សាំងរបស់ចិនជាសក្ខីភាពថ្មី សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ


ភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកជំនួយវ៉ាក់សាំងនេះរបស់សាធារណរដ្ឋប្រជាមានិតចិន គឺពិតជាសក្ខីភាពថ្មី ដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិននៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងការកសាងសហគមន៍វាសនារួមគ្នា។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលសាធារណប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចតេជោថ្លែងនូវការរីករាយ ក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ៦០ ម៉ឺនដូស ជាជំហាន  ទី១ ក្នុងចំណោម ១ លានដូស ដែលជាជំនួយដ៏សប្បុរសពីសំណាក់ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិ ចិនជូនដល់ក្រសួងការពារជាតិកម្ពុជាសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ជូនដល់កងទ័ពនិងប្រជាជនកម្ពុជា ដែលសុភាសិតខ្មែរពោលថា«មិត្តល្អជួយគ្នាក្នុងគ្រាក្រ»។ សម្ដេចតេជោគូសបញ្ជាក់ថា ទោះបីជាមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺឆ្លងកូវីដ-១៩ ដោយទប់ស្កាត់បាន មិនឱ្យមានការរាលដាលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងមិនឱ្យមានករណីបាត់បង់អាយុជីវិតរបស់ប្រជាជនដោយសារជំងឺឆ្លងដ៏កាចសាហាវនេះក្តី ក៏យើងមានការយល់ដឹងយ៉ាងច្បាស់ថា វ៉ាក់សាំងគឺជាតម្រូវការជាយុទ្ធសាស្រ្តដ៏សំខាន់ មួយរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំង និងការឈានទៅយកឈ្នះលើជំងឺកូវីដ-១៩។ ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយ មាសតែមួយគត់សម្រាប់យកឈ្នះលើជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តន៍រួមគ្នាជាមួយនឹងវិធានការ បង្ការ និងការពារដទៃទៀតក្តី ប៉ុន្តែ វ៉ាក់សាំង គឺជាដំណោះស្រាយគន្លឹះជាយុទ្ធសាស្រ្តមួយ សម្រាប់ធានាការពារអាយុជីវិតប្រជាជននៅក្នុងពេលចំពោះមុខ និងសម្រាប់លើកកម្ពស់សុខភាព សាធារណៈក្នុងរយៈពេលវែងទៅមុខ ពិសេសសម្រាប់ការធានាឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ចអាចដំណើរការពេញលេញឡើងវិញ ដែល នឹងជំរុញលើកស្ទួយនូវការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងចំនួន ៦០ ម៉ឺនដូស ជាជំហានទី ១ ក្នុងចំណោម   ១ លានដូស តាមរយៈក្រសួងការពារជាតិចិនជូនដល់កងទ័ព និងប្រជាជនកម្ពុជានាពេលនេះ។ សម្ដេចតេជោបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា វ៉ាក់សាំង Sinopharm របស់មិត្តចិន ដែលត្រូវបានផ្តល់មកកម្ពុជានេះ គឺជាប្រភេទវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ថាជាវ៉ាក់សាំងមួយដែលមានសុវត្ថិភាព និងប្រសិទ្ធភាព និងត្រូវបានបញ្ជាទិញ ព្រមទាំងអនុម័ត ឱ្យប្រើប្រាស់ដោយប្រទេសជាច្រើន នៅក្នុងតំបន់ និងលើសកលលោក ។ ជាមួយនឹងវ៉ាក់សាំងនេះ មិត្តចិនក៏បានផ្តល់ភ្ជាប់មកផងដែរ នូវជំនួយបច្ចេកទេសសម្រាប់គ្រប់គ្រងការបែងចែក ការចាក់វ៉ាក់សាំង និងការតាមដានត្រួតពិនិត្យសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលរំពឹងថា បន្ទាប់ពីជំនួយជាកញ្ចប់ទាំងវ៉ាក់សាំង ទាំងជំនួយបច្ចេកទេសជាជំហានទីមួយនេះ មិត្តចិននឹងបន្តរួមចំណែកយ៉ាងសកម្មជាមួយនឹងដៃគូសំខាន់ៗទាំងឡាយរបស់យើង រួមមានមជ្ឈមណ្ឌល កូវ៉ាក់ (COVAX) អូស្រ្តាលី ព្រមទាំងដៃគូ និងតួអង្គពាក់ព័ន្ធផ្សេងទៀត ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់កម្ពុជា ដើម្បីសម្រេចបាននូវផែនការជាតិចាក់វ៉ាក់សាំងកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងរម្លឹក ឱ្យគ្រប់ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ទាំងអស់ឱ្យបន្តបង្កើននិងពង្រឹង កិច្ចប្រឹងប្រែងអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅគ្រប់ទិសទី និងអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបគោរព និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខមាលភាពរបស់ក្រុមគ្រួសារ របស់សហគមន៍ និងរបស់សង្គមជាតិទាំងមូល ។ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់ជាមួយនិងវីរុសកូវីដ១៩ និងបានទទួលលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្ដមបន្តថា ការផ្ដល់ជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន៦០ម៉ឺនដូសជាលើកដំបូងដល់ប្រទេសកម្ពុជា គឺជាការបង្ហាញនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាវ៉ាក់សាំងទាំងនេះ នឹងរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជាកំចាត់វីរុសកូវីដ១៩។ ឯកឧត្ដមឯកអគ្គរដ្ឋទូតគូសបញ្ជាក់ថា ប្រទេសចិន នឹងផ្ដល់ជំនួយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជូនដល់មិត្តកម្ពុជា រហូតដល់ភាគីជាមិត្តអាចយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ១៩៕