ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ដំណោះស្រាយតឹងតែងបំផុតដែលសេសសល់នៅបឹងជង្រុក
ត្រូវបាន ឯកឧត្តម ប៉ាន់ ខែម ប៑ុនថន បញ្ចប់ដោយជោគជ័យ។
អ្នកមីង ង៉ា ឆាត រស់នៅចំណុចបឹងជង្រុក មានជីវភាពក្រីក្រលំបាក ចិញ្ចឹមកូនពិការស្វិតដៃជើងចំនួន០២នាក់ ហើយចិញ្ចឹមចៅកំព្រាចំនួន០៥នាក់ ទាំងខ្លួនគាត់ផ្ទាល់មានជំងឺទឹកនោមផ្អែម ។ ដោយជីវភាពលំបាកខ្វះខាតខ្លាំង អ្នកមីងក៏បានលក់ដីចំណែកខ្លួន ក្នុងតម្លៃ ១,៣០០ (មួយពាន់បីរយ)ដុល្លា ឱ្យទៅឈ្មោះ វង្ស កញ្ញា ហៅស្រីម៉ៅ លុះមកដល់ថ្ងៃចាប់ឆ្នោតភាគីអ្នកទិញដី ឈ្មោះ វង្ស កញ្ញា ហៅស្រីម៉ៅបានមកប្តឹងទាមទារដីពីអ្នកមីង ង៉ា ឆាត ហើយកំណត់ថា បើមិនឱ្យដីទេ ត្រូវសងលុយភ្លាមៗក្នុងថ្ងៃនេះទើបខ្លួនសុខចិត្ត។
ដោយមានទឹកចិត្តអាណិតអាសូរនិងសាកសួរទៅ ឃើញថាអ្នកមីងពិតជាមានជីវភាពខ្វះខាតលំបាកពិតប្រាកដមែន ហើយបើឱ្យដីទៅគេអ្នកមីងនិងកូនចៅគ្មានដីអាស្រ័យនៅ ហើយបើសងលុយគេក៏អ្នកមីងគ្មានលុយសងគេដែរ ដូច្នេះហើយទើប ឯកឧត្តម ប៉ាន់ ខែមប៑ុនថន បានសម្រេចចិត្តចំណាយថវិការផ្ទាល់ខ្លួន ចំនួន១,៣០០ (មួយពាន់បីរយ) ដុល្លា ចេញសងទៅភាគីអ្នកទិញដីឈ្មោះ វង្ស កញ្ញា ជំនួសអ្នកមីង ង៉ា ឆាត ដើម្បីបញ្ចប់បញ្ហា ព្រមទាំងបានជូនក្បាលដីឡូតិ៍នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ជូនទៅអ្នកមីងមួយឡូតិ៍ ដើម្បីសាសង់លំនៅដ្ឋានរស់នៅជាមួយកូនចៅ ដោយស្របច្បាប់ដូចពលរដ្ឋដទៃ ។ លើសពីនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថននឹងជួយឧបត្ថម្ភដល់អ្នកមីងជាបន្តបន្ទាប់បន្ថែមទៀតតាមលទ្ធភាព ដើម្បីជួយរុះរើផ្ទះរបស់អ្នកមីងពីកន្លែងចាស់មកនៅលើដីអភិវឌ្ឍន៍ថ្មី។
ទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉ាន់ខែម ប៑ុនថន បានធ្វើអោយប្រជាពលរដ្ឋនៅចំនុចបឹងជង្រុករំភើបត្រេកអរ សាទរយ៉ាង ក្រៃលែង ។
តាមរយៈសកម្មភាពនេះ បានបង្ហាញអំពីទឹកចិត្តដែលបង្ហាញអោយឃើញអំពីធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់និន្នាការអ្វីឡើង ដើម្បីផ្តល់ភាពកក់ក្តៅនិងការស្រលាញ់ដោយស្មោះចំពោះប្រជាពលរទាំងអស់គ្នាគ្រប់ទីកន្លែងដោយមិនមានការរើសអើង។









