(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានជួយគាំទ្រ និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗ និងចាំបាច់នានា ដើម្បីអភិវឌ្ឍន៍វិស័យធនាគារឲ្យបានរឹងមាំ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមប្រជុំ តាមប្រព័ន្ធអនឡាញ ជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Alasdair Scott ប្រធានក្រុមបេសកកម្ម IMF ប្រចាំកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំជាមួយអ្នកជំនាញ (Staff Visit) នេះ ជាផ្នែកមួយនៃការបំពេញតួនាទីរបស់ IMF ក្នុងការពិគ្រោះយោបល់ប្រចាំឆ្នាំ ជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពាក់ព័ន្ធ សម្រាប់តាមដាន និងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសជាសមាជិក សម្រាប់បេសកកម្មពិគ្រោះយោបល់មាត្រា៤ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
ឯកឧត្តមទេសាភិបាលបានថ្លែងអំណរគុណ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក៏ដូចជាបានផ្តល់ជំនួយបច្ចេកទេសចាំបាច់នានា ក្នុងការអភិវឌ្ឍវិស័យធនាគារឱ្យបានរឹងមាំ។
ក្នុងនោះ ឯកឧត្តមទេសាភិបាល ស្វាគមន៍ចំពោះកិច្ចប្រជុំពិគ្រោះយោបល់ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានសារៈសំខាន់ ក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច។
ឯកឧត្តម ជា ចាន់តូ បានជម្រាបជូនពីវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជួយដល់សកម្មភាពអាជីវកម្ម និងប្រជាជនក្រីក្រដែលបានរងគ្រោះ។ ជាមួយគ្នានោះធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម និងបានបន្ធូរបន្ថយបទប្បញ្ញតិមួយចំនួន ដើម្បីបង្កើនសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ច។
លើសពីនេះធនាគារជាតិនៃកម្ពុជា ក៏បានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ដែលបានជួយដោះស្រាយ ការលំបាករបស់អតិថិជនដែលកំពុងប្រឈម នឹងការថយចុះនៃចំណូល។
លោក Alasdair Scott បានជម្រាបជូនពីសមាសភាពនៃ ក្រុមបេសកកម្មសរុប៧រូប ដែលមានជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកជួយតាមដាន ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។
លោកជម្រាបថា មូលនិធិរូបិយវត្ថុអន្តរជាតិវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា និងជួយដល់សកម្មភាពសេដ្ឋកិច្ច ដែលប្រឈមនឹងវិបត្តិ និងការជួយដល់ប្រជាជនក្រីក្រ។
ក្រោយពីកិច្ចប្រជុំពិភាក្សា មានរយៈពេលប្រមាណ៣សប្តាហ៍នេះ ក្រុមបេសកកម្មនឹងប្រមូលទិន្នន័យ និងព័ត៌មានបន្ថែម ដើម្បីផ្តល់ជាអនុសាន៍ សម្រាប់ការជំរុញសកម្មភាពសេដ្ឋកិច្ច និងកំណើន ជាពិសេស សម្រាប់ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបញ្ចប់។
លោក Alasdair Scott ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសាភិបាល និងមន្ត្រីធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិនាពេលកន្លងមក ជាពិសេស បានសហការបង្កើនប្រសិទ្ធភាពនៃ ជំនួយបច្ចេកទេសរបស់ IMF។
មូលនិធិរូបិយវត្ថុអន្តរជាតិគ្រោង នឹងបន្តផ្តល់ជំនួយបច្ចេកទេស ដល់ធនាគារជាតិនៃកម្ពុជា លើការពង្រឹងបន្ថែមទៀត លើការត្រួតពិនិត្យធនាគារ ការពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុ ការពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងការធ្វើឱ្យប្រសើរឡើងនូវទិន្នន័យ៕