ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ១ខ្សែ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល


កណ្តាល៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ទី សុគន្ធ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង ១.១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលមានប្រសាសន៍ថា នាទសវត្សរ៍ឆ្នាំ៩០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍឃុំក្រាំងយ៉ូវ ជាតំបន់បៃតង ជាតំបន់គំរូសម្រាប់ការអភិវឌ្ឍមុនគេ ដោយបានសាងសង់មណ្ឌលអភិវឌ្ឍន៍ក្រាំងយ៉ូវ មណ្ឌលសុខភាព សាលារៀន វត្តអារាម និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ដ ផ្ដល់ម៉ាស៊ីនបូមទឹក សម្រាប់ឱ្យប្រជាពលរដ្ឋស្រោចស្រពផលដំណាំជាប់ជាប្រចាំ ជារៀងរាល់ឆ្នាំ និងផ្តល់មធ្យោបាយជាច្រើនទៀត ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ មានភាពប្រសើរឡើងជាបន្ដបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌបានសំណេះសំណាល សួរសុខទុក្ខ ចំពោះមន្រ្តីរាជការ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយ ឯកឧត្តម ក៏បានអរគុណសម្តេចតេជោ អគ្គស្ថាបនិកសន្តិភាព អគ្គមគ្គុទេសក៍ឯកប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ មានសន្តិភាព ពិតជាមានការអភិវឌ្ឍ៕