ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញសួរសុខទុក្ខ ប្រកាសសង់ផ្ទះថ្មី និងនាំយកអំណោយ ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយអគ្គិសភ័យចំនួន ៣គ្រួសារ រស់នៅក្នុងភូមិក្រសាំងជ្រំជើង ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ


ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណ: អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមដំណើរដោយឯកឧត្ដម ជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ធំ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ មួយចំនួនផងនោះ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអញ្ជើញសួរសុខទុក្ខ ប្រកាសសង់ផ្ទះថ្មី និងនាំយកអំណោយ ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយអគ្គិសភ័យចំនួន ៣គ្រួសារ រស់នៅក្នុងភូមិក្រសាំងជ្រំជើង ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានចូលរួមសោកស្ដាយ ជាមួយគ្រួសាររងគ្រោះក្នុងហេតុការណ៍អគ្គិសភ័យនេះដែលតាមសេចក្ដី រាយការណ៍របស់តំណាងឃុំ គឺបណ្ដាលមកពីទុសសេខ្សែភ្លើង និងការចុះជួយប្រជាជន នៅពេលនេះគឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺថា- «ទីណាមានប្រជាជនជួបទុក្ខលំបាក ទីនោះគឺមានមុខគណបក្ស ប្រជាជនកម្ពុជា រីឯអគ្គិសភ័យឆាបឆេះផ្ទះបីខ្នង របស់ប្រជាជន ៣ គ្រួសារនេះដូចពាក្យបុរាណពោលថា«សូវលិចទូកកណ្ដាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ»។
ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអរគុណ ចំពោះសប្បុរសជន ទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ដើម្បីជួយសំរាលទុក្ខលំបាក ដល់គ្រួសាររងគ្រោះកន្លងមកផងដែរ ។ ឯកឧត្ដមបណ្ឌិតឆ្លៀត ឱកាសនោះក៏បានជំរាបជូនអំពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ និងណែនាំឲ្យទាំងអស់គ្នាត្រូវតែអនុវត្តតាមវិធាន របស់ ក្រសួងសុខាភិបាល ។
ឯកឧត្ដមបណ្ឌិត បានប្រកាសផ្ដល់ជូនគ្រួសាររងគ្រោះគឺ សាងសង់ផ្ទះធ្វើពីបេតុងចំនួន ៣ខ្នងក្នុងនោះមានការចូលរួមពីឯកឧត្ដម យឹម លាត សមាជិករដ្ឋសភា និង ឯកឧត្ដម សុខ លូ អភិបាលខេត្តផងដែរ។
*តំណាងឃុំ សំព្រោច និងគ្រួសាររងគ្រោះទាំង ៣គ្រួសារ បានថ្លែងនូវសេចក្ដីត្រេកអរ និងអរគុណជាទីបំផុត ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និងគណៈប្រតិភូរួមដំណើរនៅពេលនេះ។ យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចក្នុងមួយជីវិតនូវសណ្ដានចិត្តដ៏ឧត្ដុង្គឧត្ដមនេះ៕