មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩, ក្រោយចាក់រួច ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តណែនាំឲ្យនៅតែបន្តអនុវត្តន៍ កុំ៣ ការពារ៣


(ត្បូងឃ្មុំ)៖ បន្ទាប់ពីរដ្ឋបាលខេត្តទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ចាក់ការពារជំងឺ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានណែនាំក្រើនរំលឹកដល់អ្នកដែលបានទទួលវ៉ាក់សាំងការពារ រួចហើយក៍ដោយក្តី តែចំនុច៣យ៉ាងត្រូវប្រតិបត្តិ ៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្តន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាលនៃជំងឺដ៍កាចសាហាវនេះ។

បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យមករដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈក្រសួងសុខាភិបាលនាពេលនេះមានចំនួន៥០០០ដុស ដែលជំហ៊ានដំបូងនេះ ត្រូវបានផ្តល់ជូនចាក់ទៅលើកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេ៕