សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងសារសំឡេងបន្ទាន់ បញ្ជាក់ពីសភាពការណ៍ រហូតដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនអ្នកឆ្លងថ្មីរហូតដល់ ៤៩នាក់


ថ្លែងក្នុងសារសំឡេងបន្ទាន់នៅយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា សភាពការណ៍ រហូតដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនអ្នកឆ្លងថ្មីរហូតដល់ ៤៩នាក់ គិតក្នុងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៃខេត្តកណ្ដាល ។
ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ បានចេញបទបញ្ជា ឲ្យស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាល និងសូមអំពាវនាវស្ថាប័ននិតិបញ្ញត្តិ សុំផ្អាកជាបណ្តោះអាសន្ននូវស្ថាប័ន ប៉ុន្តែយើងត្រូវមានមនុស្សប្រចាំការ តែយ៉ាងហោចណាស់ ត្រូវមានមនុស្សតិចតួច មនុស្សភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ ក្រោយ៧ថ្ងៃហើយនោះ រាជរដ្ឋាភិបាល នឹងជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ។ ធ្វើយ៉ាងដូច្នេះយើងអាចបញ្ជៀសបាន ហានិភ័យដែលយើងមិនទាន់ស្គាល់ នឹងអ្នកដែលមានការពាក់ព័ន្ធ ព្រោះពិតជាច្របូកច្របល់ខ្លាំងណាស់នៅពេលនេះ ព្រោះមានការឆ្លងក្នុងក្របខណ្ឌ នគរបាលជាតិ មន្ត្រីរាជការ រហូតដល់សិល្បករ សិល្បការិនី ផងដែរ ។
ដូច្នេះការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ន្តែសូមឲ្យកាត់បន្ថយ ចំនួនមនុស្សយ៉ាងតិច ៩០ភាគរយ ហើយមានមនុស្ស១ចំនួនតូចប៉ុណ្ណោះ ដែលនៅប្រចាំការធ្វើការនៅតាមស្ថាប័ន ។