អភិបាលខេត្តតាកែវចុះណែនាំទៅដល់អាជ្ញាធរស្រុកសំរោង និងអាជ្ញាធរស្រុកបាទីអនុវត្តវិធានការចត្តាឡីស័កដល់អ្នកពាក់ព័ន្ធនឹងចូលរួមពិធីមង្គលការនៅភូមិក្រាំងលាវភ្លាមៗ បន្ទាប់ពីអ្នកផ្ទុកកូវីដ១៩ចូលរួមក្នុងពិធីមង្គលការនេះ


តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អូ៊ច ភា នៅព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានចុះទៅណែនាំភ្លាមៗដល់អាជ្ញាធរស្រុកសំរោង និងអាជ្ញាធរស្រុកបាទី អំពីវិធានការរបស់ក្រសួងសុខាភិបាល ពិសេសយកអ្នកចូលរួមនៅក្នុងពិធីមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង កាលពីថ្ងៃទី ១២ កន្លងទៅ មកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ ឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានអ្នកផ្ទុកជំងឺកូវីដ១៩ បានចូលរួមមង្គលការនេះដែរ ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ចំពោះអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ដែលបានចូលរួមពិធីមង្គលការ សូមអាជ្ញាធរស្រុកយកចិត្តទុកដាក់អោយបានខ្ពស់ និងបិទជាបណ្ដោះអាសន្ននៅទីតាំងមួយចំនួនដែលអ្នកជំងឺកូវីដ១៩បានធ្វើដំណើរទៅលេងមុននឹងចូលរួមនៅក្នុងពិធីមង្គលការ ដោយជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសអាជ្ញាធរត្រូវធ្វើការស្រាវជ្រាវអោយបានច្បាស់លាស់ចំពោះអ្នកប៉ះពាល់ផ្ទាល់ដើម្បីយកសំណាកពួកគេទៅធ្វើតេស្តរកជំងឺកូវីដ១៩និងត្រូវណែនាំអោយអោយអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលត្រូវធ្វើចត្តាឡីស័កអោយគ្រប់ចំនួន១៤ថ្ងៃ ៕