ប្រមុខការទូតកម្ពុជា ជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ទាក់ទងនឹងការទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល


(ភ្នំពេញ)៖ តាមសំណើរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល។ ជំនួបនេះធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខដ៏កក់ក្តៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះលោកជំទាវអគ្គលេខាធិការ OIF។

ក្នុងជំនួបពិភាក្សានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោកជំទាវ Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌ នៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។ វ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបាន ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ។

លោកជំទាវអគ្គលេខាធិការ MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ លោកជំទាវបានរំឭក ពីសេចក្តីសម្រេចដែលសមាជិកអង្គការ OIF បានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវសាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «គ្មានប្រទេសណាអាចចាត់ទុកថា រួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។ វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ»

លោកជំទាវ MUSHIKIWABO បានជូនដំណឹងពីបំណងប្រាថ្នារបស់លោកស្រី ក្នុងការបំពេញទស្សនកិច្ច ជាមួយឥស្សរជនហ្វ្រង់កូហ្វូនមកពីសហភាពអឺរ៉ុប នៅប្រទេសកម្ពុជា នៅមុនដំណាច់ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះ និងបានប្រកាសថា៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលកម្ពុជាលើកតម្កើងយ៉ាងសកម្មនូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនី។ យុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី ១៣ ដែលរៀបចំឡើងដោយប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា”។

លោកជំទាវ អគ្គលេខាធិការ បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដល់ សម្តេចតេជោ ហ៊ុន សែន៕