ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ចុះសំណេះសំណាលពង្រឹងរចនាសម្ព័ន្ធតាមផែនការ (យុវជនម្នាក់ សន្លឹកឆ្នោត១សន្លឹក)


(ត្បូងឃ្មុំ)៖ឆ្លើយតបនឹងផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សរាជធានី-ខេត្តឆ្នាំ២០២១ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត-ស្រុក ចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនចំនួន០២ឃុំ ក្នុងស្រុកត្បូងឃ្មុំ ក្នុងនោះចំនួន២០ភូមិ នៅស្នាក់ការបក្សឃុំស្រឡប់ និងចំនួន២២ភូមិ នៅស្នាក់ការនក្សឃុំអញ្ចើម ដោយបានឧបត្ថម្ភថវិការក្នុងម្នាក់មួយចំនួនផងដែរ។
ក្នុងឳកាសនោះឯកឧត្តម ហាក់ សុខមករា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល ដល់ក្រុមការងារនិងសកម្មជនយុវជនទាំងអស់គ្នា ដោយក្តីនឹករលឹក និងគិតគូរបំផុត។
ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានណែនាំឲ្យក្រុមការងារ រួមគ្នាបន្តពង្រឹង រៀបចំរចនាសម្ព័ន្ធ និងសមត្ថភាពយុវជនបក្សឃុំ-ភូមិ និងដាក់ផែនការឆ្ពោះទៅកាន់ការចុះឈ្មោះបោះឆ្នោតខែកញ្ញា ឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខក្នុងទិសដៅ <<យុវជនម្នាក់ សន្លឹកឆ្នោត១សន្លឹក>>។
ឯកឧត្តម ក៍បានណែនាំឲ្យក្រុមការងារយុវជនទាំងអស់ ត្រូវក្តាប់រាល់ព័ត៌មានពីបញ្ហាប្រឈម និងតម្រូវការនានាតាមមូលដ្ឋានរបស់ខ្លួន និងរាយការណ៍មកកាន់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យពីលទ្ធភាពក្នុងការជួយដោះស្រាយជូនបងប្អូនពលរដ្ឋ។
បន្ថែមពីនោះ ក្នុងគ្រាដែលជំងឺកូវីដ១៩កំពុងផ្ទុះរីករាលដាល ឯកឧត្តម ហាក់ សុខមករា បានណែនាំក្រើនរំលឹកដល់ក្រុមការងារយុវជនទាំងអស់ ត្រូវមានអនាម័យជាប់ជានិច្ច រក្សាគំលាត អនុវត្តន៍តាមវិធាន<<៣កុំ ៣ការពារ>> ក៍ដូចជាតាមវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺដ៍កាចសាហាវនេះនៅកម្ពុជា៕