ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចុះសម្របសម្រួលបញ្ចប់វិវាទតាមបែបឈ្នះឈ្នះលើដីអាស្រ័យផល ជូនប្រជាពលរដ្ឋក្នុងភូមិព្រាវ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចុះសម្របសម្រួលបញ្ចប់វិវាទតាមបែបឈ្នះឈ្នះលើដីអាស្រ័យផលជូនប្រជាពលរដ្ឋក្នុងភូមិព្រាវ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងមានវិវាទត្រូវចេះសម្របសម្រួលគ្នា រៀនបើកចិត្តឱ្យទូលាយជាមួយគ្នា ហើយថយម្នាក់មួយជំហានរួចលើកបញ្ហាមកជជែកគ្នារកដំណោះស្រាយបន្ថយបញ្ហាបង្រួមរឿង កុំឈ្លោះជជែកគ្នាពង្រីករឿងធ្វើអី នោះទើបយើងអាច បញ្ចប់វិវាទតាមបែបឈ្នះឈ្នះបាន ហើយអាចបន្តរស់នៅដោយសុខសាន្ត និងរីកចម្រើនជាមួយគ្នាបាន។ ក្រោយស្តាប់ការពន្យល់ណែនាំពីសំណាក់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រជាពលរដ្ឋដែលមានវិវាទទាំងសងខាងក៏ព្រមទទួលយកគ្នាទៅវិញទៅមក ដែលធ្វើឱ្យវិវាទលើដីអាស្រ័យផលនេះត្រូវបានបញ្ចប់ដោយស្នាមញញឹម និងការរាប់អានគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់បង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ (COVID-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ព្រោះយើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩មិនដែលភ្លេចយើងនោះទេ។ ដូច្នេះដើម្បីសុវត្ថិភាពសហគមន៍យើង គឺយើងទាំងអស់គ្នាត្រូវតែអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការដ៏មានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ៣កុំ ៣ការពារ៕