សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់


នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលបានទទួលសញ្ញាបត្រថ្ងៃនេះរួមមាន ជំនាញវិជ្ជាជីវៈ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលបានបញ្ចប់ការសិក្សាឆ្នាំ ២០១៤-២០១៥ ។
នៅក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះសាកលវិទ្យាល័យធនធានមនុស្សដែលបានប្រែក្លាយពីអង្គការក្រៅរដ្ឋាភិបាលទៅជាសាកលវិទ្យាល័យដ៏ធំមួយក្នុងប្រទេសកម្ពុជា ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ជាពិសេសសាកលវិទ្យាល័យបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ទាំងហេរដ្ឋារចនាសម្ព័ន្ធ និង អាគារសិក្សាជាដើម។
ថ្ងៃនេះជាលើកទី១៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់សាកលសវិទ្យាធនធានមនុស្ស។ សម្តេចតេជោ បានអរគុណចំពោះសាកលសវិទ្យល័យដែលបានបង្កើតការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ក្រៅពីបរិញ្ញាបត្រ អនុបណ្ឌិត ដល់និស្សិតដែលបានប្រឡងធ្លាក់បាក់ឌុបជំនាញឯកទេសផ្សេងៗ។ ការបណ្តុះបណ្តាលធនធានមនុស្សគឺជាវិស័យអាទិភាពធំបំផុតក្នុងការអភិវឌ្ឍប្រទេស ក្នុងចំណោមវិស័យសំខាន់ៗចំនួន ៤ គឺៈ ១)ធនធានមនុស្ស ២)ធនធានទឹក ៣)ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និង ៤)អគ្គិសនី(ភ្លើង) ។
សម្តេចតេជោ ហ៊ុន សែន បានជម្រុញនិងលើកទឹកចិត្តយុវជនខិតខំសិក្សារៀនសូត្រពីព្រោះចំណេះដឹងអាចអោយយើងងាយស្រួលក្នុងការស្វែងរការងារធ្វើ ទាំងនៅក្នុង និងនៅក្រៅប្រទេស។ រាជរដ្ឋាភិបាលកម្ពុជាតែងតែសម្របសម្រួលជាមួយប្រទេសមួយចំនួននៅពេលដែលបុគ្គលិក និងពលករកម្ពុជាទៅធ្វើការងារធ្វើនៅទីនោះ ដើម្បីអោយបានងាយស្រួល ស្របច្បាប់និងទទួលបាននូវអត្ថប្រយោជន៍ល្អៗជាច្រើន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ចំពោះវិស័យអប់រំបច្ចុប្បន្ន ដែលបានធ្វើអោយធនធានមនុស្សនៅកម្ពុជាទទួលបានចំណេះដឹងពិតប្រាកដ។ ការសិក្សាមិនថានៅទីក្រុង ឬនៅតាមជនបទនោះទេ គឺមានលក្ខណៈ និងគុណភាពដូចគ្នា សំខាន់គឺការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍធនធានមនុស្ស ដោយបានបង្កើត សាលារៀនគ្រប់ទីកន្លែង គឺបានបង្ខិតសាលាទៅកាន់តែជិតប្រជាពលរដ្ឋ ដោយមិនអោយកូនចៅជំនាន់ក្រោយខ្វះសាលារៀន និងអភ័ព្វដូចកាលសម្តេចនៅក្មេងនោះឡើយ។ ទន្ទឹមនឹងនេះ គឺសម្តេចនិងក្រុមគ្រួសារក៏បានចូលរួមចំណែកផ្តល់នូវអាហារូបករណ៍ដល់សិស្សក្រីក្រ និងសិស្សនៅតាមតំបន់ដាច់ស្រយាលអោយមានឱកាសបានសិក្សារៀនសូត្រគ្រប់កម្រិត។ សន្តិភាពបានបង្កលក្ខណៈអោយរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការកសាង និងអភិវឌ្ឍន៍ក្នុងវិស័យផ្សេងៗអោយមានការីកចម្រើនទន្ទឹមគ្នា ជាពិសេសវិស័យអប់រំនេះ។
រដូវវស្សាក៏កាន់តែចូលមកកៀក ថ្មីៗនេះមានភ្លៀងនិងខ្យល់កន្រ្តាក់បានធ្វើអោយផ្ទះសម្បែងប្រជាពលរដ្ឋខូចខាត។ នេះច្បាស់ណាស់គឺទាក់ទងទៅនឹងបម្រែបម្រួលអាកាសធាតុ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយមន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងកាកបាទក្រហមកម្ពុជាគ្រប់សាខាខេត្តក្រុង ត្រូវបន្តយកចិត្តទុកដាក់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ។ សូមប្រពន្ធ័ផ្សព្វផ្សាយគ្រប់ប្រភេទរួមទាំងវិទ្យុ ទូរទស្សន៍ កាសែត បណ្តាញអនឡាញ (Online Networks), Web site សូមចូលរួមផ្សព្វផ្សាយពីព័ត៌មានអាកាសធាតុដើម្បីអោយប្រជាពលរដ្ឋទទួលព័ត៌មានបានទាន់ពេលវេលា ដើម្បីចៀសវាងគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនៅពេលនេះ។ សម្តេចតេជោក៏បានអរគុណដល់ លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ និង ឪពុកម្តាយ អាណាព្យាបាល ដែលបានជួយជ្រោមជ្រែងផ្តល់ថវិការ និងការគាំទ្រចំពោះការសិក្សារបស់និស្សិត។ អ្វីៗទាំងអស់នេះកើតមានបានគឺដោយសារតែកម្ពុជាមានសន្តិភាព ដែលបានផ្តល់ឱកាសអោយយុវជនបានសិស្សារៀនសូត្រទទួលបានជោគជ័យជាបន្តបន្ទាប់។
មុននឹងចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និសិ្សតដែលបានបញ្ចប់ការសិក្សា និងបានថតរូបអនុស្សាវរីយ៍ជាមួយជ័យលាភីប្រកបដោយមោទនៈភាព និងរីករាយក្រៃលែង៕