ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានប្រគេនគ្រឿងទេយ្យទាន និងបច្ច័យជូនវត្តចំនួន១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់ពិធីវាយគង ជួង រគាំង ទូងស្គរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩


(ស្វាយរៀង)៖ កាលព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានចាត់ឲ្យលោក លឹម សៀងហេង អភិបាលក្រុងបាវិត នាំយកគ្រឿងទយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃចំនួន ១៩វត្ត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់រៀបចំពិធីគង ជួង រគាំង ទូងស្គរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងគោលដៅបង្កើនការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យមានការប្រុងប្រយ័ត្នចំពោះជម្ងឺឆ្លងកូវីដ១៩ ជាពិសេសចូលរួមអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គ្រឿងទេយ្យទាន និងបច្ច័យប្រគេនជូនព្រះសង្ឃទាំង ១៩វត្ត ស្ថិតក្នុងក្រុងបាវិត ដោយក្នុងមួយវត្តៗទទួលបានទឹកបរិសុទ្ធ ១០កេស ទឹកផ្លែឈើ ១០កេស និងបច្ច័យចំនួន ២០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្រុងបាវិត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជម្ងឺឆ្លងកូវីដ ដោយអនុវត្តន៍ឲ្យខ្ជាប់ខ្ជួនតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងបានបួងសួងឲ្យបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ និងកំពុងសម្រាកនៅមន្ទីរពេទ្យឆាប់ជាសះស្បើយពីរោគរាតត្បាតនេះ ជាពិសេសជាត្រូវរួមគ្នាប្រយុទ្ធប្រឆាំងបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អ្នកកើតជំងឺកូវីដនៅខេត្តស្វាយរៀងកើនដល់២៥នាក់ ក្នុងនោះស្រី១០នាក់ និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលសរុបចំនួន ៥៤៥នាក់ ស្រី២២១នាក់។

ឯកឧត្តម តូច ប៉ូលីវ៉ា បានបន្ថែមថា សម្រាប់ទីតាំងដែលត្រូវបិទសរុបចំនួន ៣១ទីតាំង រួមមាន៖

ទី១៖ ក្រុងបាវិតចំនួន ១៤ទីតាំង
ទី២៖ ក្រុងស្វាយរៀងចំនួន ៣ទីតាំង
ទី៣៖ ស្រុករមាសហែកចំនួន ១២ទីតាំង
ទី៤៖ ស្រុកស្វាយជ្រំ ចំនួន២ទីតាំង៕