ឯកឧត្តម វង្សី វិស្សុត បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន លើទី២៥ (25th AFMM), កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៧ (7th AFMGM) និង កិច្ចប្រជុំពាក់ព័ន្ធ នៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន លើទី២៥ (25th AFMM), កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៧ (7th AFMGM) និង កិច្ចប្រជុំពាក់ព័ន្ធ នៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ ជាមួយតំណាងពីបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) អំពី (១). ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក , (២). ការអនុវត្តវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ របស់បណ្តាប្រទេសអាស៊ាន, (៣). ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញប្រកបដោយចីរភាព និង បរិយាប័ន្នក្រោយវិបត្តិជំងឺកូវីដ១៩ និង(៤).ប្រធានបទពាក់ព័ន្ធនឹងការអភិវឌ្ឍ រួមមាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកៀរគរចំណូលក្នុងស្រុក ជាដើម។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ៨ ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ និង ៧១៩ លានដុល្លារ ក្នុងឆ្នាំ២០២១។ បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ ដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ (១). ការងើបឡើងវិញ និងការរស់រាន (Revival and Survival)៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច, (២). ការកែទម្រង់ (Reform)៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង (៣). ការលើកកម្ពស់ភាពធន់ (Resilience)៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត។

ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៥ (25th AFMM) និងកិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី ៧ (7th AFMGM) នេះ អង្គប្រជុំ បានធ្វើការស្វាគមន៍ និងគាំទ្រដល់សមិទ្ធផលអាទិភាព (Priority Deliverables) សម្រាប់វិស័យហិរញ្ញវត្ថុ ចំនួន ៣ ដែលកំណត់ដោយប្រទេសព្រុយណេ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ សំដៅពង្រឹងដល់ការធើ្វសេរីភាវូនីយកម្មសេវាហិរញ្ញវត្ថុតំបន់, លើកកម្ពស់កំរិតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយចរីភាព។ បន្ថែមពីនេះ អង្គប្រជុំ ក៏បានធ្វើការកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ដូចជា៖ ការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងថ្មីៗ ក្រោមយន្តការហេដ្ឋារចនាសម្ព័ន្ធបៃតង និងបរិយាប័ន្ន (Green and Inclusive Infrastructure Window-GIIW) នៃយន្តការហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF) (គួររំលេចគម្រោងរបស់កម្ពុជា៑ដែលក្នុងនោះក៏មានគម្រោងមួយរបស់កម្ពុជា ស្តីពី “ការលើកកម្ពស់ភាពប្រកួតប្រជែង និងសុវត្ថិភាពនៃខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម” ដែលមានទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ផងដែរ, ការអនុវត្តកម្មវិធីធានារ៉ាប់រងលើហានិភ័យគ្រោះមហន្តរាយអាស៊ាន (ADRFI) ដំណាក់កាលទី២, ការអភិវឌ្ឍទីផ្សារមូលបត្រអាស៊ាន, កិច្ចសហប្រតិបត្តិការគយនិងពន្ធដារ, ជាពិសេស ជាការបញ្ចប់ការចរចាលើពិធីសារដើម្បីអនុវត្តកញ្ចប់ទីប្រាំបួន នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវា (AFAS) ។

ជារួម នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចតំបន់ពីវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន បានធ្វើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់លើវិស័យហិរញ្ញវត្តុឱ្យកាន់តែស៊ីជម្រៅ ជាពិសេស ផ្តោតលើការបង្កើតវត្តិករសាស្ត្រអាស៊ាន (ASEAN Taxonomy) ស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការជំរុញឌីជីថលលូបនីយកម្ម ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងបរិបទនៃការឆ្ពោះរកសេដ្ឋកិច្ចឌីជីថល។
ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចូលរួមក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC), និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ការជំរុញសេដ្ឋកិច្ចឌីជីថល, ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល, ថាមពលបៃតង និងការផ្តល់ហិរប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនោះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ ទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន។