អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុកទាំង៨ និងប្រធានគណៈកម្មាធិការបក្សឃុំ/សង្កាត់ទាំង៨៧ នៃខេត្តកំពង់ស្ពឺ


នាឱកាសជិតឈានមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៤ ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺបានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុកទាំង៨ និងប្រធានគណៈកម្មាធិការបក្សឃុំ/សង្កាត់ទាំង៨៧ នៃខេត្តកំពង់ស្ពឺ ដើម្បីសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អស់លោក លោកស្រី សមាជិក សមាជិកាដែលជាក្រុមប្រឹក្សាក្រុង/ស្រុក និងឃុំ/សង្កាត់ទូទាំងខេត្ត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បាននាំយកនូវសារជូនពរ ភ្ជាប់ជាមួយនូវទឹកជែលលាងដៃ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ មកជូនដល់ អ៊ុំ ពូ មីង បងប្អូនក្រុមប្រឹក្សាទាំងអស់។ ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជាមិនទាន់មានការធូរស្រាល ដូច្នេះយើងមិនទាន់អាចជួបជុំគ្នាបានក្នុងទ្រង់ទ្រាយធំណាមួយបានដោយត្រូវចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣កុំ និង៣ការពារ។
ទោះជាមិនបានជួបផ្ទាល់ ក៏ឯកឧត្តមបានផ្តាំផ្ញើនូវសេចក្តីនឹករឭកតាមរយៈលិខិតពេញមួយទំព័រប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាជ្រាលជ្រៅជូនចំពោះ អ៊ុំ ពូ មីង បងប្អូន ដែលជាមហាក្រុមគ្រួសារនៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ។