លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ អញ្ជើញចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ រស់នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ចំនួន២០០០គ្រួសារ ដែលកំពុងរងផលប៉ះពាលដោយសារមេរោគកូវីដ១៩។ ការចែកជូននៅអំណោយនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចតេជោហ៊ុន សែនបានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងអំឡុងពេលនៃការបិទរាជធានីភ្នំពេញនាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ។
លោកជំទាវបញ្ជាក់ផងដែរថា ៖ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបានជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់នៃការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ ។ ក្នុងរយៈពេលនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ក្រោយមានស្ថានភាពធូរស្បើយនៃការរីករាលដាល បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរនិងប្រកបរបររកស៊ីប្រចាំជីវិតដូចធម្មតាឡើងវិញហើយ។
សូមបញ្ជាក់ថា លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី បានអញ្ជើញចែកអំណោយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពជា ជូនដល់តំណាងប្រជាពលរដ្ឋចំនួន២០០គ្រសារ ក្នុងចំណោម ២០០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ១៩ នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គក្រ មីមួយកេសតូច ត្រីខមួយយួរ ទឹកត្រី៦ដប និងទឹកសុីអុីវ៦ដប ។




