នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពីចម្ងាយជាមួយឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភាកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីធ្វើការពិភាក្សាលើការត្រៀមខ្លួនឈានឆ្ពោះទៅកាន់កិច្ចប្រជុំទេ្វរភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ កិច្ចប្រជុំបានផ្តោតជាពិសេសទៅលើសេចក្តីព្រាងប្រធានបទ របៀបវារៈនៃកិច្ចប្រជុំ និងការត្រៀមខ្លួនរបស់សមាជិកគណៈប្រតិភូលើទិដ្ឋភាពខ្លឹមសារ និងបច្ចេកទេស។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ានី នឹងធ្វើការដឹកនាំគណៈប្រតិភូសមាជិកសភាវ័យក្មេងកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេរភាគីតាមប្រព័ន្ធវីដេអូ ជាមួយសមាជិកសភាវ័យក្មេងចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។
បើទោះឋិតក្នុងស្ថានភាពនៃការបិទខ្ទប់របស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏សមាជិក សមាជិកានៃរដ្ឋសភាកម្ពុជានៅតែបន្តបំពេញការងារយ៉ាងសស្រាកសស្រាំដើម្បីសម្រេចលើកិច្ចការចាំបាច់នានា ដែលបម្រើប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាជន។


