ឯកឧត្តម ម៉ៅ ធនិន៖ សមាជិកបក្សទាំងអស់ក្នុងក្រុងពោធិ៍សាត់ ត្រូវរក្សាខ្សែក្រវាត់ ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិឲ្យរីកចម្រើន តាមរយៈសន្លឹកឆ្នោតដ៏មានតម្លៃ១សន្លឹក


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្ត និងប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាថ្ងៃទី២៩ ខែមេសា និងថ្ងៃទី០២-០៣ ខែឧសភា ឆ្នាំ២០១៧ បានអំពាវនាវទៅដល់ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក សមាជិកាទូទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ សូមរក្សាខ្សែក្រវាត់ឱ្យខាងតែបាន ដើម្បីឱ្យមូលដ្ឋានរបស់យើងងាយស្រួលក្នុងការអភិវឌ្ឍន៍ និងមានសុខសន្តិភាព ស្ថេរភាព តាមរយៈសន្លឹកឆ្នោតមួយសន្លឹក ដែលបងប្អូនមានឆន្ទះបោះឆ្នោតជូន ធ្វើឲ្យសម្តេចតេជោបន្តការដឹកនាំ និងអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសជិតខាងយើង។

ការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល និងនាំយកអាវ មួក ដែលមានរូបសញ្ញាទេវតាបាចផ្កា ទៅចែកជូនដល់ប្រធាន អនុប្រធានក្រុមបក្ស របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ចម្រើនផល សង្កាត់បន្ទាយដី សង្កាត់លលកស និងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជិត៥ពាន់នាក់ និងបន្តបញ្ចប់៣សង្កាត់ទៀត សម្រាប់ពាក់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ហេតុនេះក្នុងនាមប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ សូមឱ្យបងប្អូនត្រៀមនូវរាល់ឯកសារ ដែលមានការពាក់ព័ន្ធបានគ្រប់ៗគ្នា ដើម្បីបានបោះឆ្នោត។ លោកបានបញ្ជាក់ផងដែរថា ចំពោះសង្កាត់ផ្ទះព្រៃ ក៏ដូចឃុំ សង្កាត់ផ្សេងៗ គឺមានលេខរៀងខុសៗគ្នា ដូចនេះក្រុមការងារនឹងចុះទៅបញ្ជ្រាប នៅតាមខ្នងផ្ទះ និងប្រាប់អំពីលេខរៀង ព្រមទាំងលេខកូដការិយាល័យបោះឆ្នោតឲ្យបានដឹង។ លោកបានលើកឡើងថា បងប្អូននៅក្នុងមូលដ្ឋាន បើមានការថ្នាំងថ្នាក់ និងមិនពេញចិត្តជាមួយបុគ្គលណាម្នាក់នោះ យើងមានពេលវេលាច្រើន ក្នុងការជជែក សម្របសម្រួលដោះស្រាយ ទៅតាមនីតិវិធី ត្រូវគិតការងារបក្ស និងជាតិជាធំ។

ឯកឧត្តមក៏បានជម្រាបជូនផងដែរថា ជាច្រើនអាណត្តិកន្លងមកនេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តារាជធានី/ខេត្ត ទូទាំងប្រទេស ទទួលបាននូវសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះក៏មានខេត្តពោធិ៍សាត់ ទទួលបាននូវសមិទ្ធផលធំៗជាច្រើនដូចជាទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ដែលអាចរក្សាទឹកបានជាង៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ ដែលមានប្រវែងជាង១៨៥គីឡូម៉ែត្រ និងផ្លូវលំជនបទក្រាលកៅស៊ូ មានប្រវែង១២៥,៥គីឡូម៉ែត្រ។ ក្រៅពីនោះក៏នៅមានប្រព័ន្ធធារាសាស្ត្រតូចធំខ្វាត់ខ្វែង ដែលបាននឹងកំពុងបម្រើការប្រើប្រាស់ ស្រោចស្រពផលដំណាំ កសិកម្ម និងសត្វពាហនៈ។ យ៉ាងណាមិញសមិទ្ធផលជាក់ស្តែងនៅក្នុងសង្កាត់ផ្ទះព្រៃ និយាយរួម និងនិយាយដោយឡែក នៅក្នុងភូមិចំការចេកខាងជើង និងភូមិចំការខាងត្បូង ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ បានស្ថាបនារួចរាល់នូវផ្លូវក្រាលកៅស៊ូ ប្រវែង៥គីឡូម៉ែត្រ ចំនួន៧ខ្សែផងដែរ។

ឯកឧត្តម ម៉ៅ ធនិន បានទទួលស្គាល់ថា ការគ្រប់គ្រងដឹកនាំ ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតទៅដល់ថ្នាក់លើ តែងតែមានការខ្វះចន្លោះ មិនអាចអនុវត្តបានល្អទាំងស្រុងនោះទេ តែទោះជាយ៉ាងនេះក៏ដោយ យើងត្រូវតែរួមគ្នាធ្វើការដោះស្រាយ រួមគ្នាអភិវឌ្ឍន៍ ទើបធ្វើឱ្យសង្គមជាតិមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមបានលើកឡើងថា “ជាទម្លាប់គណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់លើ រហូតដល់មូលដ្នាន មិនដែលភ្លេចពាក្សសន្យារបស់ខ្លួននោះទេ បើសន្យាអ្វីមួយត្រូវតែជួយភ្លាមៗ មិនដូចគណបក្សនយោបាយខ្លះ សន្យានេះ សន្យានោះ មិនដែលជួយដល់ប្រជាពលរដ្ឋម្តងណាឡើយ គឺមានតែប្រឆាំង និងរារំាងមិនឱ្យមានការអភិវឌ្ឍន៍”។

ឯកឧត្តមបានផ្ញើទំនុកចិត្ត និងមានជំនឿជឿជាក់ថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទូទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ពិតជាបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យឱ្យបាន១០០% ជាក់ជាមិនខាន៕