ក្រសួងសុខាភិបាលកម្ពុជា ទទួលអំណោយពីស្ថានទូតឥណ្ឌូណេស៊ី សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩


(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតប ការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។

ពិធីនេះក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ពិធីនេះ ស្ថានទូតឥណ្ឌូណេស៊ី តំណាងឱ្យសហគមន៍ធុរកិច្ចឥណ្ឌូណេស៊ីនៅកម្ពុជា បានប្រគល់ ១៖ Indomie កញ្ចប់ចំនួន ១៥០កេស ២៖ Indomie កំប៉ុង ចំនួន ១៥០កេស ៣៖ នំ Cracker ចំនួន ១៥០កេស និង ៤៖ វីតាមីន (Daneuron B1 B6 B12) ចំនួន ១៥០បន្ទះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន ឥណ្ឌូណេស៊ីត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ នឹងលើកទឹកចិត្តមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃ ថ្លារបស់សហគមន៍ធុរៈកិច្ចឥណ្ឌូណេស៊ីនៅកម្ពុជា គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕