ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញស្វាយស្រស់ដោយផ្ទាល់ពីកម្ពុជា ទៅកាន់ទីផ្សារចិនជាផ្លូវការ ធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភាខាងមុននេះ


(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្រសួងកសិកម្ម បាននិងកំពុងត្រៀមរៀបចំពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ដោយផ្ទាល់ ទៅកាន់ប្រទេសចិនជាផ្លូវការ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

ពិធីសម្ពោធនេះនឹងរៀបចំឡើងនៅក្រុមហ៊ុន AL JAZEELAN FOOD PTE.LTD អាគារលេខ៧២២ ផ្លូលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។

តាមរយៈសមត្ថភាពរោងចក្រវេចខ្ចប់ទាំង៥នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អះអាងថា កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះ ក្នុង១ឆ្នាំ ទៅកាន់ទីផ្សារចិន។ ប៉ុន្តែលោករដ្ឋមន្ត្រីបានដាក់ក្តីរំពឹងថា ក្រុមហ៊ុនធំៗជាច្រើនទៀត នឹងរៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ ហើយអាចទទួលបានការទទួលស្គាល់រដ្ឋបាលគយចិន ដែលអាចនឹងធ្វើឲ្យចំនួនរោងចក្រមានកើនឡើង បរិមាណនៃការនាំចេញក៏កើនឡើងបន្ថែមទៀតផងដែរ។

ផ្លែស្លាយភាគច្រើនដែលនាំចេញទៅប្រទេសចិនបាន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និងមានទិន្នផលខ្ពស់។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី នៅប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កន្លងទៅបើទោះបីជាកម្ពុជា មិនទាន់ទទួលបានការអនុម័តនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនក្តី ក៏នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសជិតខាង ក្នុងបរិមាណ៩៧ម៉ឺនតោនផងដែរ ហើយសម្រាប់ឆ្នាំ២០២១នេះ រំពឹងថាការនាំចេញទៅប្រទេសជិតខាង អាចកើនឡើងដល់ជាង១លានតោន។

សូមជម្រាបថា សម្រាប់ការនាំចេញផ្លែស្វាយដោយផ្ទាល់ទៅកាន់ទីផ្សារចិននេះ ក្រសួងកសិកម្មបានប្រឹងប្រែងធ្វើការចរចាបើកទីផ្សារអស់ រយៈពេលជាង៣ឆ្នាំ ទើបនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ។

ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន៕