ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន នាំយកម៉ាស់៥ម៉ឺន អង្ករ៥០តោន និងស្បៀងមួយចំនួនទៀត ប្រគល់ជូនអភិបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ


(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០ ២១នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា បាននាំយកអង្ករចំនួន ៥០តោន មី២ ០០០កេស ត្រីខ ២ ០០០យួរ និងម៉ាស់ ៥០ ០០០ម៉ាស់ មកប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ ខណៈកំពុងនឹងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងក្រុមការងារ សមាជិក សមាជិកាចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃទាំងអស់ ចំពោះកាយវិការដ៏ប្រពៃ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់។

ឯកឧត្តមអភិបាលបានបន្តថា កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូរខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់មានក្តីរំភើប កក់ក្តៅ និងអំណរ គុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោករដ្ឋមន្ត្រី និងសហការីទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ សមាជិក និងសប្បុរសជនទាំងអស់ ដែលបានជួយបរិច្ចាកថវិកា និងសម្ភារផ្ទាល់ខ្លួន ក្នុងបុព្វហេតុ ដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រា ដែលប្រទេសជាតិយើងកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះគឺសបញ្ជាក់អំពីសណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍របស់សម្តេចតេជោ «ជួយគ្នាក្នុងគ្រាកំបាក»

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យអភិបាលខេត្តកំពុងចាម និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងត្រូវអនុវត្ត ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួយឧបត្តម្ភថវិកា ដល់កាកបាតក្រហមខេត្ត ចំនួន ២០ ០០០០០០ រៀល សម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់៕