ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បន្ដនាំយកអង្ករ១០តោន មី១៥០កេស ត្រីខ១៥០កេស និងថវិកា១០លានរៀល ប្រគល់ជូនអភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា ឯកឧត្តម នុត ច័ន្ទសុខា ឯកឧត្តម ចាយ បូរិន ដែលជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយ លោកប្រធាន-អនុប្រធាន ក្រុមការងារ ចុះជួយឃុំនៅទូទាំងស្រុកតំបែរ បាននាំយកអង្ករចំនួន១០តោន មី១៥០កេស ត្រីខ១៥០កេស និងថវិកាចំនួន ១០,០០០ ០០០រៀល មកប្រគល់ជូនលោក អភិបាលស្រុកតំបែរ។

ទទួលបានអំណោយនេះ លោក សុខ សារិទ្ធ អភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ លោកអនុប្រធានក្រុមការងារ និងសមាជិក សមាជិកាចុះមូលដ្ឋានស្រុកតំបែរទាំងអស់ ចំពោះកាយវិការដ៏ប្រពៃ គិតគូយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាព ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្រមពេលដែលស្ថានភាព នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងបន្ត។

ឯកឧត្តម មានប្រសាសន៍ថា នឹងនាំយកអំណោយនេះ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទាំង៨កន្លែងនៅទូទាំងស្រុក សរុបចំនួន១០៧ ក្នុងនោះមានស្រ្តី ៤៣នាក់ ឲ្យបានទាន់ពេល។

ក្នុងនាមអាជ្ញាធរស្រុក និងជាពិសេសបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក លោកអភិបាលស្រុកបាន វាយតម្លៃខ្ពស់ចំពោះកាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូរខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុក ធ្វើឲ្យបងប្អូនទូទាំងស្រុកមានក្តីរំភើប កក់ក្តៅ និងអំណរគុណចំពោះសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម និងសហការីទាំងអស់ និងជូនពរឲ្យចៀសផុតពីជំងឺដ៏កាចសាហាវនេះ និងទទួលយកនូវពុទ្ធិពរទាំង ៤ប្រការ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះ លោកប្រធាន-អនុប្រធាន ក្រុមការងារចុះជួយឃុំ ភូមិ សមាជិក និងសប្បុរសជនទាំងអស់ ដែលបានជួយបរិច្ចាកថវិកា និងសម្ភារផ្ទាល់ខ្លួនក្នុងបុព្វហេតុ ដើម្បីចូលរួមសម្រាលទុក្ខលំបាលក្នុងគ្រាដែលស្រុកតំបែរ កំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ហើយនេះ គឺសបញ្ជាក់អំពីសិល្បៈ នៃការចែករំលែក សណ្តានចិត្តនៃការរួមសុខ រួមទុក្ខក្នុងគ្រាលំបាក ស្របតាមប្រសាសន៍ របស់សម្តេចតេជោ «ជួយគ្នាក្នុងគ្រាលំបាក»

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានស្នើសុំឲ្យលោកអភិបាល នៃគណអភិបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្ទីរពេទ្យបង្អែក លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាន នូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។

យល់ពីស្ថានភាពដ៏លំបាកនាពេលនេះ ឯកឧត្តមប្រធានក្រុមការងារ បានជួយឧបត្តម្ភថវិកាដល់លោកអភិបាលស្រុក២លានរៀលបន្ថែមទៀត មន្ទីរពេទ្យបង្អែកស្រុក ៣លានរៀល គណកម្មការបក្សស្រុក ២លានរៀល សម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាពរបស់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលទាំង៨៕