រដ្ឋបាលខណ្ឌប្ញស្សីកែវ ទទួលបានអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អង្ករចំនួន ២០ តោន


ថ្ងៃ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់អំណោយដ៏ថ្លៃថ្លា ជា អង្ករ តាមរយៈ ឯកឧត្តម ហ៊ឺ វីរៈ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងជាអនុប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ នាំយកអំណោយជាអង្ករ ចំនួន ២០តោន យកមកប្រគល់ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត រស់នៅក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់នៃមូលដ្ឋានខណ្ឌឫស្សីកែវ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋតាមមូលដ្ឋានខណ្ឌ-សង្កាត់ ព្រមទាំងបានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគនាឱកាសនេះ។ សូមគោរពជូនពរសម្តេច និងក្រុមការងារ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឆ្ពោះទៅរកភាពសុខដុមរមនា និងវឌ្ឍភាព តទៅមុខទៀតជារៀងដរាប៕