ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យសកម្មភាពស្តារប្រឡាយមេមួយខ្សែស្ថិតនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ


ព្រឹកថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពស្តារប្រឡាយមេមួយខ្សែស្ថិតនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានឱ្យដឹងថាប្រឡាយរំដោះទឹកមួយខ្សែនេះមានប្រវែង ៤.៦០០ម៉ែត្រ ទទឹង ២០ម៉ែត្រ ជម្រៅ ២ម៉ែត្រ គម្រោងស្ដាររយ:ពេល ៣ខែ ចំណាយថវិកា ៣០០លានរៀល ជាថវិការរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើការស្តារប្រឡាយរំដោះទឹកជំនន់ទឹកភ្លៀងនូវរដូវវស្សាមួយខ្សែនេះឱ្យបានលឿន ព្រោះរដូវភ្លៀងចូលមកដល់ ហើយម្យ៉ាងនៅអមសងខាងប្រឡាយយើងរៀបចំធ្វើជាផ្លូវសាធារណសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីប្រជុំជនបានងាយស្រួល ទន្ទឹមនោះសូមបងប្អូនប្រជាពលរដ្ឋចូលរួមកសហការជាមួយក្រុមការងារ ដើម្បីការស្តារប្រឡាយមួយខ្សែនេះប្រព្រឹត្តទៅបានលឿនបំរើឱ្យផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ក្រោយពីការស្តារប្រឡាយនេះរួចរាល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះទទួលបានសមិទ្ធិផលថ្មីមួយទៀតនៅក្នុងមូលដ្ឋាន ។
បន្ទាប់មកឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រី និងអាជ្ញាធរស្រុកព្រៃនប់នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគេនព្រះសង្ឃគង់នៅវត្តរតនគីរីសាគរម៉ាអ៊ូ មានដូចជា: អង្ករ មី ត្រីខ ទឹកក្រូច គោជល់ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ម៉ាស អាល់កុល និងថវិកា ប្រគេនព្រះសង្ឃខណៈដែលព្រះសង្ឃមិនអាចចេញទៅបិណ្ឌបាទបានដោយសារជំងឺរាតត្បាតកូវីដ-១៩ កំពុងរាតត្បាតនៅក្នុងតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ ៕