សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា


ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា​ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​ ២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២១។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ។

នៅក្នុងពេលវេលាដែលប្រទេស យើងកំពុងតែប្រយុទ្ធ ប្រឆាំងជម្ងឺឆ្លង កូវិដ-១៩ ដ៍កាចសាហាវនេះ
ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនបង្កេីនការប្រុងប្រយ័ត្ន​ ទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ​ ជាពិសេសព្រឹត្តិការណ៍សហគមន៍​ ២០​ កុម្ភៈ​ ​ដែលបានឆក់យកជីវិតមនុស្សចំនួន ១៣៦ នាក់រួចមកហេីយ​នៅប្រទេសកម្ពុជា​យើងគិតត្រឹមថ្ងៃទី ១២​ ខែឧសភា​ ឆ្នាំ២០២១​ គឺយើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ នោះឡើយ ដោយត្រូវអនុវត្តវិធានការ​សុខាភិបាល​ ៣ការពារ​ ៣កុំ​ ជាប់ជានិច្ច​ ។

សូមបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​ ដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ។

ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីខានឡើយ ៕
សូមអរគុណ។