លោកជំទាវ ទី បូរ៉ាស៊ី សំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកពញាឮ


នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយលោក ស៊ឹម សុខវិបួរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល ដើម្បីសំណេះសំណាលជាមួយនឹងមន្ត្រីដឹកនាំស្រុក ក្តាប់សភាពការណ៍ទូទៅ ពិសេសសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថានភាពវិវត្តន៍ជំងឺកូវីដ-១៩ និងបាតុភូតធម្មជាតិ។ អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម លោក អោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក និងលោកលោកស្រីសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក ប្រធាន អនុប្រធាន ការិយាល័យ។ ក្រោយពីស្ដាប់របាយការណ៍អភិបាលស្រុក លោកជំទាវបានផ្ដាំផ្ញើថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ ថែរក្សាសុខភាព និងការពារកុំឱ្យឆ្លងជំងឺ ពិសេសកូវីដ-១៩ និងរក្សាអនាម័យ។ ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភថ្នាំពេទ្យsanaflu (ការពារផ្ដាសាយ) ចំនួន១០ប្រអប់ ថ្នាំUPSA-C ចំនួន៨០ទីប ថ្នាំព្យាបាលផ្ដាសាយ LIANHUA QINGWEN ចំនួនមួយកេស ម៉ាស់ចំនួន ១កេស ស្មើនឹង ៥,០០០ម៉ាស់ អាកុល ៣ប៊ីដុងស្មើនឹង៩០លីត្រ រទេះរុញសម្រាប់ជនពិការ១ សម្លៀកបំពាក់តាជីយាយជី ខោអាវ និងសម្ភារមួយចំនួន និងបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងរដ្ឋបាលស្រុក។
នៅវេលាម៉ោង ១០:២០នាទីព្រឹក លោកជំទាវប្រធាន បានអញ្ជើញថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទានមួយចំនួននៅ “វត្តសុវណ្ណវារី” ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជូនសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល។ ក្នុងឱកាសនោះ លោកជំទាវប្រធានបានប្រគេនព្រះសង្ឃនូវអង្ករ ១០០គីឡូក្រាម ត្រីខ ទឹកសុទ្ធ ទឹកផ្លែឈើ និងថវិកាមួយចំនួន និងចែកជូនលោកតា លោកយាយម្នាក់ៗ ថវិកា ១ម៉ឺនរៀល។ បន្ទាប់មក លោកជំទាវប្រធានបានស្នើលោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម តំណាងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ នាំទេយ្យទានទៅប្រគេនព្រះសង្ឃគង់នៅវត្តស្បែង និងវត្តព្រះវិហារសំណ ដោយក្នុងមួយវត្តនូវ អង្ករ ៥០គីឡូក្រាម ទឹកត្រី ៣យួរ ទឹកសុទ្ធ ១កេស ទឹកក្រូច១កេស ថវិកា ២០០,០០០រៀល។