សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រគល់អំណោយមួយចំនួន ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រាកុមារក្រីក្រ សម្រាប់សម្រួលការលំបាក


(ភ្នំពេញ)៖​  ឯកឧត្តម​ អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់អំណោយជាថវិកា និងស្បៀងអាហារមួយចំនួនរបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសភានៃកម្ពុជា និងលោកជំទាវ ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ដើម្បីជួយសម្រួលក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ផ្ញើជូនក្មេងៗដែលរស់នៅក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ប្រកបដោយក្តីនឹករលឹក។

ឯកឧត្តម អ៊ុ សារឹទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ពីព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល បើទោះបីជាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ ត្រូវប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រាកុមារក្រីក្រ នាឱកាសនោះរួមមាន មី២០កេស ត្រីខកំប៉ុង ០២កេសធំ ទឹកត្រី១០យូរ ទឹកស៊ីអ៊ីវ១០យូរ អង្ករ៥០០គីឡូក្រាម និងថវិកា១លានរៀល៕