ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំទេ្វរភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស


ឈានឆ្ពោះទៅកាន់កិច្ចប្រជុំទេ្វរភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូសមាជិកសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈប្រតិភូ ដើម្បីបន្តពិនិត្យ តាមដានលើការត្រៀមខ្លឹមសារស្របតាមប្រធានបទពិភាក្សាដែលបានកំណត់ ក៏ដូចជាលំហូនៃកិច្ចប្រជុំទាំងស្រុង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធ Zoom។

បន្ទាប់ពីស្តាប់បទបង្ហាញរបស់សមាជិកនៃក្រុមពិភាក្សានីមួយៗ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សមាជិកគណៈប្រតិភូ ក្នុងការតាក់តែងខ្លឹមសារសម្រាប់បទអន្តាគមន៍ និងការពិភាក្សា ដែលបានបង្ហាញយ៉ាងច្បាស់ពីការបានក្តាប់នូវការងារគ្រប់ជ្រុងជ្រោយទាំងផ្នែកនីតិបញ្ញាតិ និងនីតិប្រតិបត្តិ ការងារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយនឹងការបង្ហាញនូវជំហ បទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនក្នុងនាមសមាជិកសភាកម្ពុជា។

សូមជម្រាបជូនថា ប្រធានបទបីសំខាន់ៗ ត្រូវបានកំណត់សម្រាប់កិច្ចប្រជុំក្នុងនោះរួមមាន៖

ប្រធានបទទី១៖ «ការលើកកម្ពស់សន្តិភាព, ការអភិវឌ្ឍសេដ្ឋកិច្ច, ការរក្សាពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈការបន្តគាំទ្រគ្នា និងសហការគ្នាលើគ្រប់ទិដ្ឋភាព ក្នុងដំណាក់កាល និងក្រោយការរីកដាលនៃជំងឺកូវីដ១៩»។

ប្រធានបទទី២៖ «ការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមដោយជំងឺកូវីដ១៩ និងការលើកកម្ពស់នូវភាពធន់ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ បទពិសោធន៍ និងទស្សនទាន»។

ប្រធានបទី៣៖ «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេសទំនាក់ទំនងនៃសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»។