ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំជាមួយគណៈអចិន្រ្តយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ


នាព្រឹកថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋាន ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយគណៈអចិន្រ្តយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅគេហដ្ឋាន ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ដឹកនាំការងារចាំបាច់សំខាន់ៗមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍សង្កត់ធ្ងន់ថា ការធ្វើផែនការរួម ការគិតគូរ ការត្រៀមលក្ខណះសម្បត្តិពីចម្ងាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងឆ្នាំ២០២២ ខាងមុខ គឺមានន័យថា យើងអនុវត្តតាមការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការទទួលបានជ័យជម្នះ ។