ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ


ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៥គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ បន្ទាប់ពីពួកគាត់ បានប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ស្ថិតក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ។
នាឱកាសនោះ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលស្រុកជើងព្រៃ បានរៀបចំមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង សម្រាប់បងប្អូនពលករ ដែលវិលត្រលប់មកពីក្រៅប្រទេស បានធ្វើចត្តាឡីស័ក ។ ដោយឡែក បងប្អូនដែលទើបវិលត្រលប់ មកពីបណ្តារាជធានីខេត្ត ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះចំនួន ១៤ថ្ងៃ សិន ក្រោមការតាមដាន របស់អាជ្ញាធរមូលដ្ឋាន ដើម្បី អនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការចម្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ តាមការណែនាំ និងវិធាន របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។ ឯកឧត្ដម បន្តថា យ៉ាងណាមិញ ដូចក្នុងករណីនេះ បងប្អូនប្រជាពលរដ្ឋ ចំនួន ៤៥គ្រួសារ បានប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ-១៩ ដូចច្នេះ បងប្អូនត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ លើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យ សុខភាព ជាប្រចាំថ្ងៃ ដូចជា ៖ លាងសម្អាតដៃ ជាមួយនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុង ជានិច្ច ដើម្បី ចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗ ជាពិសេស ចៀសផុតពីជម្ងឺកូវីដ ១៩ គ្រប់ៗគ្នា តាមរយៈ ការអនុវត្តវិធានការ ៣កុំ និង ៣ការពារ ផងដែរ ។ ទន្ទឹមនឹងនោះ បើមានបងប្អូនបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិត ដើម្បី ទទួលបានការព្យាបាល ទាន់ពេលវេលា ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារ បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជា អំណោយ របស់ ឯកឧត្តម អ៊ុន ចាន់ដា ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័កនៅតាមផ្ទះ ចំនួន ៥៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២០គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ត្រីខ ១០កំប៉ុង និងថវិកា ២០.០០០រៀល ឧបត្ថម្ភរដ្ឋបាលឃុំសូទិព្វ ២០០.០០០រៀល ប៉ុស្តិ៍រដ្ឋបាលឃុំ ២០០.០០០រៀល សមាជិកក្រុមប្រឹក្សាឃុំ ១០០.០០០រៀល មេភូមិទាំង៨ភូមិ ៨០០.០០០រៀល ៕