តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ និងអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យប្រឡាយទឹក និងទំនប់ទ្វារទឹកចំនួន០៥កន្លែង ប្រភពប្រើប្រាស់និងស្រោចស្រពដំណាំពលរដ្ឋក្នុងមូលដ្ឋានស្រុកត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ពេញមួយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំអាជ្ញាធរខេត្ត អញ្ជើញចុះត្រួតពិនិត្យការសាងសង់ប្រឡាយទឹកមួយកន្លែង ប្រវែង២.៥០០ម៉ែត្រ និងទំនប់ទ្វារទឹកចំនួន៤កន្លែងផ្សេងគ្នាទៀត សម្រាប់ប្រើប្រាស់និងស្រោចស្រពដីស្រែ និងដំណាំប្រជាពលរដ្ឋចំនួន៤ឃុំ រួមមានឃុំជីរោទ៍ទី១ ឃុំពាមជីលាំង ឃុំថ្មពេជ្រ និងឃុំគរ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រព័ន្ធធារាសាស្ត្របម្រើឲ្យវិស័យកសិកម្មនៅមូលដ្ឋានស្រុកត្បូងឃ្មុំនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះពិនិត្យការសាងសង់នោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហាក់ សុខមករា, ឯកឧត្តម កេង ប៊ុនណា, ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត, លោក សេង សុខខឿន អភិបាលស្រុក, លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍនជនបទខេត្ត ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានលើកឡើងថា ប្រឡាយទឹក និងទំនប់ទ្វាទឹក ដែលបានកំពុងដំណើរការការសាងសង់នេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធធារាស្ត្រឡើងវិញ សម្រាប់ប្រើប្រាស់ ស្រោចស្រពដំណាំ និងទប់ទល់គ្រោះរាំងស្ងួត ជាពិសេសជួយដល់វិស័យកសិកម្ម ពង្រីកផ្ទៃដីដាំដុះ សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ត្រូវនាំគ្នាដាំដុះដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ និងរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ ។ ដោយឡែកមន្រ្តីជំនាញ ត្រូវចុះសិក្សាផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ ពិសេសបែងចែកថាតើត្រូវដាំដំណាំ បន្លែអ្វី ដែលមានទីផ្សារល្អ និងត្រូវតាមរដូវកាលដាំដុះក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ។
ឯកឧត្តម តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំង៤ឃុំ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដ៏មានតម្លៃទាំងនេះ អោយបានគង់វង្សយូរអង្វែង សម្រាប់ទុកជាសម្បត្តិរួមដល់ក្មេងជំនន់ក្រោយបន្តទៀត។
បើតាមលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ ឲ្យដឹងថា ប្រឡាយ និងទំនប់ទ្វាទឹក ដែលឯកឧត្តម ប្រាជ្ញ ចន្ទ និងអាជ្ញាធរខេត្ត បានចុះត្រួតពិនិត្យស្ថិតក្នុង០៤ឃុំ នៃមូលដ្ឋានស្រុកត្បូងឃ្មុំ រួមមានៈ
*ប្រឡាយតាឌុកប្រវែង២.៥០០ម៉ែត្រ បាតក្រោម៣ម៉ែត្រ មាត់លើ១២ម៉ែត្រ ប្រជាពលរដ្ឋអាចទទួលផលបាន៣ភូមិ មានភូមិស្រែសៀម ភូមិទួលវិហារ និងភូមិទឹកចេញ ក្នុងឃុំជីរោទ៍ទី២ ស្មើ៦៥០គ្រួសារ លើផ្ទៃដី៧៧៦ហិចតា គ្រោងបញ្ចប់បិទការដ្ឋាននៅអំឡុងដើមខែមិថុនា ឆ្នាំ២០២១នេះ
*ទំនប់ទ្វារទឹកព្រែកវល្លិ៍ នៅភូមិទួលកែវ ឃុំជីរោទ៍ទី១
*ទំនប់ទ្វារទឹកបឹងក្អិត នៅភូមិពាមក្នុង ឃុំពាមជីលាំង
*ទំនប់ទ្វារទឹករោងគោ នៅភូមិរោងគោ ឃុំថ្មពេជ្រ
*ទំនប់ទ្វារទឹកសែនជ័យ ភូមិសែនជ័យ ឃុំគរ ៕