រដ្ឋាភិបាលកូរ៉េ បានប្រគល់សម្ភារ​បរិក្ខាពេទ្យ ដល់កម្ពុជាគិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លាតអាមេរិក ដើម្បីជួយទប់ស្កាត់ការរីករាលដាល កូវីដ-១៩ នៅកម្ពុជា


ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួង​ដើម្បី​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់-ទទួល អំណោយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២១ ។
ឯកឧត្តម ម៉មប៊ុនហេង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណង មិត្តភាពជាប្រពៃណី រវាងកម្ពុជា-កូរ៉េ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយភាគីកូរ៉េបានផ្តល់ជំនួយឥត សំណងជាច្រើនក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើង វិស័យសុខាភិបាលកម្ពុជា ជាក់ស្ដែងចាប់តាំងពីការរីករាល ដាលនៃជំងឺកូវីដ-១៩ ភាគីមិត្តកូរ៉េ បានផ្តល់ជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួន និងថវិកាផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ថ្ងៃនេះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់ រដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជូនរាជរដ្ឋាភិបាលនិងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា រួមមាន កញ្ចប់ប្រតិករធ្វើរោគវិនិច្ឆ័យកូវីដ- ១៩ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៣០០.០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក បានសបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Park Heungkyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើវិស័យសុខាភិបាល។